(ភ្នំពេញ)៖ នៅមុនឆ្នាំ២០១៤ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សុទ្ធសឹងតែធ្វើដំណើរតាមរយៈមធ្យោបាយផ្ទាល់ខ្លួនដូចជាកង់ ម៉ូតូ រថយន្ត ឬតាមរយៈម៉ូតូឌុប និងរ៉ឺម៉កកង់បីជាដើម។ សកម្មភាពនេះបានធ្វើឲ្យចរាចរណ៍មានការកកស្ទះខ្លាំង ហើយក៏ងាយស្រួលក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានកាត់បន្ថយ ក្រោយប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈដំបូងនៅក្នុងឆ្នាំ២០១៤។
បន្ទាប់ពីបានដាក់ឲ្យដំណើរការអស់រយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ សន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋលើការប្រើប្រាស់សេវារថយន្តក្រុងនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់។ តាមការសង្កេត យើងបានមើលឃើញថា ចំនួនពលរដ្ឋដែលប្រើប្រាស់សេវារថយន្តក្រុង មានគ្រប់វ័យ ទាំងក្មេងទាំងចាស់ ទាំងមន្រ្តីរាជការ និងសិស្សានុសិស្សតូចៗ ក៏ធ្វើដំណើរតាមរថយន្តក្រុងដោយខ្លួនឯងដើម្បីទៅសិក្សាផងដែរ។
ជាក់ស្ដែងកុមារី រ៉ាន់ សុខម៉េង អាយុ១២ឆ្នាំ រួមជាមួយបងប្រុសអាយុ១៣ឆ្នាំ បានធ្វើដំណើរតាមរយៈរថយន្តក្រុង ពីចំណតផ្សារអូរឬស្សី ទៅសាលារៀន នៅបណ្ដោយផ្លូវវេងស្រេង។ កុមារទាំង២រូបនេះ បានធ្វើដំណើរតាមរយៈរថយន្តក្រុងអស់រយៈពេលជាង១ឆ្នាំមកហើយ ជាការកត់សម្គាល់ពួកគេ ជឿជាក់លើសុវត្ថិភាពក្នុងការធ្វើដំណើរ ម្យ៉ាងវិញទៀតថែមទាំងមិនអស់ថវិកាថែមទៀតផង។
កុមារី រ៉ាន់ សុខម៉េង បញ្ជាក់ថា៖ «ខ្ញុំជិះតែ២នាក់ ព្រោះម៉ាក់គាត់រវល់ ហើយប៉ាគាត់ទៅខេត្តអត់មាននរណាជូនមករៀន។ ខ្ញុំជិះរថយន្តក្រុងនេះយូរដែរហើយ ជាង១ឆ្នាំហើយ ខ្ញុំគិតថាជិះរថយន្តក្រុងនេះសុវត្ថិភាព ខ្ញុំអត់ភ័យអី ហើយមានពូអ្នកបើកឡានគាត់ជួយមើល។ ប៉ាម៉ាក់គាត់ទុកចិត្ត គាត់ផ្ដាំថាពេលជិះឡាន បើមាននរណាហៅទៅណាកុំទៅតាមគេ»។
នៅក្នុងរថយន្តក្រុងដែលមានអ្នកធ្វើដំណើរគ្រប់វ័យនោះ សុទ្ធសឹងតែបង្ហាញទឹកមុខសប្បាយរីករាយ ជាមួយគ្នានេះផងដែរ លោក សុខ ច័ន្ទហេង ស្ថិតក្នុងវ័យ៦២ឆ្នាំ ដែលកំពុងធ្វើដំណើរក្នុងរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់តាំងពីមានរថយន្តក្រុងសាធារណៈដាក់ឲ្យដំណើរការមក លោកតែងតែធ្វើដំណើរតាមរយៈរថយន្តក្រុងនេះជានិច្ច។ មិនតែប៉ុណ្ណោះបុរសវ័យចំណាស់ខាងលើឲ្យដឹងទៀតថា ប្រសិនជាមិនមានរថយន្តក្រុងសាធារណៈ លោកសុខចិត្តដើរក៏មិនជិះម៉ូតូឌុបដែរ ព្រោះលោកបារម្ភពីសុវត្ថិភាព។
លោក សុខ ច័ន្ទហេង បានបញ្ជាក់យ៉ាងដូច្នេះ៖ «ព្រោះអីរថយន្តក្រុងមិនផ្ដល់គ្រោះថ្នាក់ដល់ខ្ញុំ ព្រោះអីម៉ូតូផ្ដល់គ្រោះថ្នាក់ដល់ខ្ញុំ ព្រោះអ្នកជិះម៉ូតូភាគច្រើនគេមិនខ្លាចស្លាប់ថ្ងៃនេះទេ។ រថយន្តក្រុងរបស់រដ្ឋាភិបាលក្រុងភ្នំពេញល្អណាស់សម្រាប់អ្នកក្រខ្សត់ អ្នកចាស់ជរា អ្នកពិការ ជិះក្នុងតម្លៃថោក ហើយចៀសវាងពីគ្រោះថ្នាក់ទៀត»។
ជាមួយគ្នានេះដែរយុវជន តៃ មួងសុជេស្ដា ដែលជ្រើសរើសក្នុងការធ្វើដំណើរទៅសាលារៀន តាមរយៈរថយន្តក្រុងសាធារណៈ បានឲ្យដឹងថា ធ្វើដំណើរតាមរថយន្តក្រុងមិនបានធ្វើឲ្យបាក់កាលីប ឬមើលទៅអន់នោះទេ។
អ្វីដែលយុវជនខាងលើផ្ដល់តម្លៃគឺធ្វើដំណើរដោយសុវត្ថិភាព ត្រជាក់មានផាសុខភាព និងមិនអស់ប្រាក់សម្រាប់សិស្សានុសិស្ស។
យុវជន តៃ មួងសុជេស្ដា បញ្ជាក់ថា៖ «ខ្ញុំជិះរថយន្តក្រុងមានសេវាល្អ ហើយលឿនអាចទទួលយកបាន មិនធ្វើឲ្យខកម៉ោងទៅរៀនទេ។ សម្រាប់ខ្ញុំមិនចង់កាលីបប៉ុន្មានទេ តែខ្ញុំគិតថាជិះឡានក្រុងសុវត្ថិភាពជាង ហើយជិះម៉ូតូអាចមានគ្រោះថ្នាក់ច្រើន»។
ដោយចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ២០១៤ ដែលមានរថយន្តត្រឹមតែ៥៧គ្រឿង ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលចិន ហើយអាចដំណើរការបានចំនួន៣ខ្សែនោះ មកដល់បច្ចុប្បន្ននេះរថយន្តក្រុងសាធារណរបស់សាលារាជធានីភ្នំពេញ បានពង្រីករហូតដល់១៣ខ្សែហើយ ដោយមានចំនួនរថយន្តសរុបចំនួន២៣៥គ្រឿង ចំនួននេះស្ទើរតែគ្រប់គោលដៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាន សុឃីម អគ្គនាយករដ្ឋករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង រាជធានីភ្នំពេញ។
តើកត្តាអ្វីបានជាប្រជាពលរដ្ឋមានការពេញចិត្ត និងមានការកើនឡើងលឿនក្នុងការជ្រើសរើសសេវារថយន្តក្រុងសាធារណៈ?
លោក អ៊ាន សុឃីម អគ្គនាយករដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង រាជធានីភ្នំពេញ បញ្ជាក់ថា៖ «បានជាពលរដ្ឋងាកមកជ្រើសរើសសេវារថយន្តក្រុងសាធារណច្រើន ព្រោះយើងមានខ្សែរត់រហូតដល់១៣ខ្សែ មានន័យថា ស្ទើរគ្របដណ្ដប់ទូទាំងរាជធានីភ្នំពេញអីចឹងគាត់ងាយស្រួលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ ហើយគាត់ជិះម៉ូតូឌុប ឬមធ្យោបាយធ្វើដំណើរផ្សេងគាត់ត្រូវចំណាយច្រើន តែបើគាត់ជ្រើសរើសរថយន្តក្រុងរបស់យើង គឺការចំណាយអស់តិចតួចប៉ុណ្ណោះ ហើយមានសុវត្ថិភាព និងផាសុខភាពថែមទៀត។
មួយទៀតទាក់ទងនិងសេវារបស់យើង ឥឡូវនេះនៅមិនទាន់ល្អឥតខ្ចោះតែបងប្អូនប្រជាពលរដ្ឋគាត់អាចទទួលយកបាន ដោយសាររថយន្តយើងច្រើន ហើយយើងរត់បានទៀងទាត់ពេលវេលា ហើយការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ គាត់ងាយស្រួលមិនចាំយូរ។
ហើយចុងក្រោយនោះគឺឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គាត់បានរៀបចំចិញ្ចើមផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់រថយន្តក្រុង ការចូលចតដាក់អ្នកដំណើរបានដោយរលូន និងគាត់អាចធ្វើដំណើរថ្មើជើងពីផ្ទះរបស់គាត់បានងាយស្រួលឆ្ពោះមកកាន់ចំណតឡានក្រុង។
ចំណែកឯកតម្លៃវិញ គឺគាត់ជិះមួយលើកដោយមិនគិតពីគីឡូនោះទេ មានតម្លៃត្រឹមតែ១៥០០រៀលប៉ុណ្ណោះ»។
ក្រៅពីមានតម្លៃទាប រថយន្តក្រុងសាធារណៈសាលារាជធានីភ្នំពេញ ក៏មានករណីលើកលែងសម្រាប់ សិស្សានុសិស្ស ចាស់ជរា ជនពិការ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និងកីឡាករ កីឡាការិនីអាជីព គឺអាចជិះរថយន្តក្រុងសាធារណៈ ដោយមិនចាំបាច់បង់ប្រាក់ឡើយ។
យ៉ាងណាមិញមធ្យោបាយការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ក្រៅពីមានតម្លៃទាបជាងសេវាដទៃ តែអ្នកប្រើប្រាស់សេវានេះ ក៏ជាផ្នែកមួយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកក្នុងការរក្សាបរិស្ថានផងដែរ។
បើទោះជាការគាំទ្រពីប្រជាពលរដ្ឋមានការកើនឡើងឥតឈប់ឈរ ក៏លោក អ៊ាន សុឃីម អគ្គនាយករដ្ឋករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង រាជធានីភ្នំពេញ ទទួលស្គាល់ថា នៅមានចន្លោះខ្វះខាតមួយចំនួននៅឡើយ ហើយលោកក៏បានសូមការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋទៀតផង។
លោក អ៊ាន សុឃីម បញ្ជាក់ថា៖ «បើទោះជាយើងមានការបណ្ដុះបណ្ដាលពួកគាត់ច្រើនទាំងច្បាប់ចរាចរណ៍ ទាំងការបើកបរ និងការនិយាយស្ដីយ៉ាងណាក្ដី តែក៏នៅត្អូញត្អែរពីពលរដ្ឋអ្នកប្រើប្រាស់សេវារថយន្តក្រុង យើងក៏សូមការយោគយល់ចំពោះករណីនេះ នេះដោយសារតែយើងមានអ្នកបើកបរច្រើន ដែលរថយន្តចំនួន២៣៥គ្រឿង ហើយក្នុងមួយគ្រឿងមានអ្នកបើកបរចំនួន២នាក់ ហើយការគ្រប់គ្រងរបស់យើងនៅរាយប៉ាយ អីចឹងនៅមានការឆកល្វែង។
តែយើងនឹងខិតខំប្រឹងប្រែង ក្នុងការបណ្ដុះបណ្ដាលទាំងការអប់រំណែនាំគាត់ ធ្វើយ៉ាងណាឲ្យគាត់បើកបរប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាពសម្រាប់អ្នករួមដំណើរ»។
ដោយបច្ចុប្បន្នរថយន្តក្រុងសាធារណៈ ដែលបានដឹកអ្នកដំណើរចំនួន១៣ខ្សែរក្នុងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃ អាចដឹកអ្នកដំណើរចាប់ពី២ ៥០០០នាក់ ទៅ២ ៦០០០នាក់ហើយក្ដី ក៏លោក អ៊ាន សុឃីម អគ្គនាយករដ្ឋករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង រាជធានីភ្នំពេញនៅតែមានបំណងស្វែងរកជំនួយរថយន្តបន្ថែម ដើម្បីអាចបម្រើអតិថិជនឲ្យបានដល់ជាយរាជធានីភ្នំពេញ និងអាចដឹកអ្នកដំណើរបានចំនួនជាង៧ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ការធ្វើសំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ក្រៅពីការបម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រថយន្តក្រុងសាធរណនេះ ក៏ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្រ្តី ដាក់ឲ្យដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឱកាសពិធីបុណ្យជាតិៗសំខាន់ៗ ដែលប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតផងដែរ។
ជាក់ស្ដែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលកន្លងទៅ រថយន្តក្រុងសាធារណៈ ចំនួន១២០គ្រឿង បានដឹកអ្នកដំណើរទៅតាមបណ្ដាខេត្ត និងមកកាន់រាជធានីភ្នំពេញបានចំនួន៣៨ ៧៥៩នាក់។ ចំនួននេះមានការកើនឡើងច្រើនជាងការដឹកជញ្ជូនប្រជាពលរដ្ឋនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលកន្លងទៅ។ នេះក៏ដោយសារតែមានការផ្សព្វផ្សាយបានច្រើន ហើយប្រជាពលរដ្ឋកាន់តែមានការយល់ដឹងពីរថយន្តក្រុងសាធារណៈបានច្រើនជាងមុនផងដែរ៕