(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ខណៈដែលប្រធានចាស់ត្រូវ ចប់អាណត្តិរយៈពេល២ឆ្នាំ និងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
មុនដំណើរការបូកសរុបលទ្ធផលការងារ GMAC បានរៀបចំនូវការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដោយលទ្ធផលឆ្នោត បានបង្ហាញថា លោក វ៉ាន់ ស៊ូអៀង ត្រូវបានបន្ដជាប់ឆ្នោតជាប្រធានដដែល អមជាមួយអនុប្រធានចំនួន៣រូប ព្រមទាំងសមាជិក ១៩រូបផ្សេងទៀត ដែលសុទ្ធតែជាសមាសភាពមកពីតំណាងរោងចក្រផ្សេងៗគ្នា។
ថ្លែងក្នុងឱកាសនោះ លោក អ៉ិត សំហេង បានកោតសរសើរដល់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលតាំងពីបង្កើតមកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាតំណាងដល់វិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា។
បើតាមលោករដ្ឋមន្ដ្រី រហូតមកទល់ពេលបច្ចុប្បន្ននេះ GMAC មានលក្ខន្តិកៈ និងយន្ដការច្បាស់លាស់ ដោយមានទាំងស្នាក់ការ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាដើម។ រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សមាគម GMAC ក៏បានចូលរូមជាដៃគូក្នុងយន្ដការត្រីភាគី ដូចជា ការចរចាដោះស្រាយលក្ខខណ្ឌការងារ ការរួមចំណែកក្នុងលិខិតបទដ្ឋានគតិយុត្តិសម្រាប់កសាងច្បាប់ និងបទបញ្ញត្តិផ្សេងៗ ដែលទាក់ទងវិស័យកាត់ដេរ និងការចរចាដោះស្រាយបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធផលប្រយោជន៍កម្មករនិយោជិត និងនិយោជកផ្ទាល់តែម្ដង។
លើសពីនេះលោករដ្ឋមន្ដ្រី អ៉ិត សំហេង ក៏បានថ្លែងអំណរគុណដល់ លោក វ៉ាន់ ស៊ូអៀង និងថ្នាក់ដឹកនាំសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបានខិតខំបំពេញការងារលើវិស័យនេះ បានយ៉ាងល្អប្រសើរ ក្នុងការប្រមូលយកអ្នកវិនិយោគទាំងឡាយ ជាពិសេសអ្នកវិនិយោគក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងឲ្យចូលរួមជាមួយគ្នា។
លោក អ៉ិត សំហេង បានចាត់ទុកទៀតថា GMAC គឺជាសមាគមមួយដែលធំជាងគេនៅកម្ពុជា និងដើរតួយ៉ាងសកម្មជាងគេ នៅក្នុងយន្ដការត្រីភាគី ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា វឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ លោក វ៉ាន់ ស៊ូអៀង ដែលទើបជាប់ឆ្នោតជាប្រធាន GMAC សម្រាប់អាណត្តិថ្មី ដែលមានរយៈពេល២ឆ្នាំបន្ដទៀតនោះ បានសម្ដែងនូវក្ដីរំភើបរីករាយ ដែលលោកត្រូវបានជាប់បន្ដធ្វើជាប្រធាន និង បានធ្វើការប្ដេជ្ញាចិត្ដថា នឹងខិតខំបំពេញការងារនេះឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីវឌ្ឍនភាពលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ថាជាតំណាងរបស់រោងចក្រនាំចេញ សម្លៀកបំពាក់។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ GMAC បានក្លាយជាសមាគមដ៏ធំមួយដែលតំណាង លើកកម្ពស់ និងការពារសិទ្ធិ និងអត្ថប្រយោជន៍ នៃឧស្សាហកម្មកាត់ដេរ។
គោលដៅរបស់ GMAC គឺដើម្បីផ្តល់វេទិកាប្រឹក្សាយោបល់ និងពិភាក្សាក្នុងចំណោមសមាជិកអំពីអត្ថប្រយោជន៍រួម និងស្វែងរកការអនុម័តគោលនយោបាយ ដែលល្អត្រឹមត្រូវ និងបរិយាកាសច្បាប់ ដែលអំណោយផលសម្រាប់កំណើននិងការអភិវឌ្ឍនៃឧស្សាហកម្មកាត់ដេរកម្ពុជា។
GMAC ក៏ផ្តល់សេវាតម្លៃ បន្ថែមផ្សេងៗផងដែរ ដល់សមាជិកដូចជា ការភ្ជាប់ទីផ្សារ ការជំរុញទីផ្សារ ការគាំទ្រលទ្ធភាពទីផ្សារការបណ្តុះបណ្តាល បច្ចុប្បន្នភាពច្បាប់រួមមានបទប្បញ្ញត្តិ និងសេចក្តីប្រកាសផ្សេងៗ របស់រដ្ឋាភិបាល កិច្ចជំនួបចាប់ដៃគូពាណិជ្ជកម្ម ព័ត៌មានអាជីវកម្មទូទៅ និងអ្វីដទៃៗទៀត៕