(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសជាដៃគូសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ បានយាងនិង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលតុមូល នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នាទីក្រុងប៉េកាំង ក្រោមប្រធានបទ «ការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មី សម្រាប់ការរីកចម្រើន»។

ឆ្លងតាមការពិភាក្សាពេញមួយថ្ងៃទី២នេះ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូទាំងអស់ បានឯកភាពគ្នាឈានទៅចេញសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលតុមូលរបស់ថ្នាក់ដឹកនាំ នៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៣៨ចំណុច ក្នុងនោះ មេដឹកនាំទាំងអស់ បានចាត់ទុកថា ការតភ្ជាប់គឺជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពាណិជ្ជកម្មទំនើបនិងសេវា ក៏ដូចជាការវិនិយោគ ការបង្កើនឱកាសការងារ និងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន។ ក្នុងន័យនេះការជំរុញភាពជាដៃគូសកល ស្តីពីការតភ្ជាប់ ផ្អែកលើតម្លាភាព ភាពបើកចំហរ និងបរិយាប័ន្ន ផ្តល់នូវឱកាសសម្រាប់យើងទាំងអស់គ្នា។

បច្ចុប្បន្ននេះ តាមរយៈភាពជាដៃគូ រួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងសហប្រតិបត្តិការយុទ្ធសាស្រ្តដទៃទៀត មេដឹកនាំបានប្តេជ្ញាចិត្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងថ្នាក់អនុតំបន់ ថ្នាក់តំបន់ និងសកលលោក សំដៅឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពរួមគ្នា។ មេដឹកនាំទាំងអស់ ក៏បានគាំទ្រនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈជាសកល ផ្អែកលើមូលដ្ឋានច្បាប់ បើកចំហ មានតម្លាភាព និងគ្មានការរើសអើង ដោយយកអង្គការពាណិជ្ជកម្មពិភពលោក ជាស្នូល។

ដើម្បីរក្សាស្ថិរភាពនៃការអភិវឌ្ឍរួម មេដឹកនាំទាំងអស់ បានស្វាគមន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ជំរុញការពិភាក្សាពាក់ព័ន្ធនឹងរបៀបវារៈ នៃការអភិវឌ្ឍប្រកបដោយចីរភាព ហើយនឹងធ្វើការរួមគ្នា សំដៅលើកម្ពស់កិច្ចពិភាក្សាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៅអង្គការសហប្រជាជាតិ ក៏ដូចជាវេទិកាពហុភាគីដទៃទៀត និងការលើកកម្ពស់ការរួមបញ្ចូលរវាងផែនការអភិវឌ្ឍ ដែលពាក់ព័ន្ធនិងគំនិតផ្តួចផ្តើមការតភ្ជាប់នានា ដោយផ្អែកលើវឌ្ឍនភាពដែលសម្រេចបានកន្លងមក។

ក្នុងន័យនេះមេដឹកនាំទាំងអស់ បានសង្កត់ធ្ងន់ផងដែរលើកាលានុវត្តភាព ដែលបានមកពីគំនិតផ្តួចផ្តើម និងក្របខណ្ឌកិច្ចសហប្រតិបត្តិការនានា ក្នុងចំណោមនោះរួមមាន ACMECS Master Plan (2019-2023) សហភាពអាហ្រ្វិក ដែលរួមមានកម្មវិធីសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅទ្វីអាហ្រ្វីក (PIDA) ផែនការតភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) សម្ព័ន្ធអារ៉ាប់ សហគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន២០២៥ បណ្តាញទីក្រុងឆ្លាតអាស៊ាន និងគំនិតផ្តួចផ្តើមអាស៊ានស្តីពីការតភ្ជាប់ ក្រុមការងារស្វែងរកមាគ៌ារបស់ ASEM ស្តីពីការតភ្ជាប់ (SAEM Pathfinder Group on Connectivity) , BIMP-East ASEAN Growth Asea) ការតភ្ជាប់អាស៊ីកណ្តាល សហគមន៍អាមេរិកឡាទីន និងការាបៀន (CELAC) យុទ្ធសាស្រ្តផ្លូវសូត្រឌូបៃ យុទ្ធសាស្រ្តសហភាពអឺរ៉ុប ស្តីពីការតភ្ជាប់តំបន់អឺរ៉ុប និងអាស៊ី កម្មវិធីតភ្ជាប់ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិន ភាពជាដៃគូអឺរ៉ុបខាងកើត សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កិច្ចសហប្រតិបត្តិការអឺរ៉ុប-អាស៊ី វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក (FOCAC) មហាអនុតំបន់មេគង្គ (GMS) សម្ព័ន្ធភាពការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសកល គម្រោង G-Gobal កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង អង្គការនៃបណ្តារដ្ឋនៅទ្វីបអាមេរិក សម្ព័ន្ធប៉ាស៊ីហ្វិក វេទិកាកោះប៉ាស៊ីហ្វីក សហភាពម៉េឌីទែរ៉ាណេ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់រវាងដៃគូទាំងអស់។

ដោយបានប្តេជ្ញាចិត្តក្នុងការបន្តធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ មេដឹកនាំទាំងអស់បានគូសបញ្ជាក់ថា យើងនឹងបន្តពង្រីកទីផ្សារបន្ថែមទៀត ច្រានចោលការអនុវត្តការគាំពារនិយម ឯកតោភាគីនិយម និងវិធានការដទៃទៀត ដែលមិនអនុលោមតាមច្បាប់របស់អង្គការពាណិជកម្មពិភពលោក។

មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់ពីសារសំខាន់ នៃប្រព្រឹត្តកម្មពិសេស និងដាច់ដោយឡែក ជាមួយនឹងអ្វីដែលបានលើកឡើងរួមគ្នានេះ មេដឹកនាំទាំងអស់ ក៏បានទទួលស្គាល់នូវសារសំខាន់ ក្នុងការកែលម្អកិច្ចសម្របសម្រួលគយ រួមបញ្ចូលទាំងការលើកទឹកចិត្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលឲ្យកាន់តែល្អប្រសើរឡើង រវាងស្ថាប័នពាក់ព័ន្ធ និងការបញ្ចេញទំនិញនៅតាមព្រំដែន ការផ្តល់ជំនួយទៅវិញទៅមក ការចែករំលែកនិងកិច្ចសហប្រតិបត្តិការព័ត៌មាន ការបន្ស៊ីការអនុវត្តនិតិវិធីគយ និងនិតិវិធីដឹកជញ្ជូនឆ្លងកាត់ពរំដែន។

ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានធ្វើការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយចីរភាព និងអំពាវនាវឲ្យមានការអភិវឌ្ឍបន្ថែមទៀត នូវការតភ្ជាប់ផ្លូវសមុទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រអន្តរជាតិ រួមទាំងកំពង់ផែ និងឧស្សាហកម្មដឹកជញ្ជូនតាមនាវា ស្របជាមួយនឹងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរសមុទ្រប្រកបដោយចីរភាព។

ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលមានការតភ្ជាប់គ្នាទៅវិញទៅមក មេដឹកនាំបានគាំទ្រដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទូលំទូលាយនិងពហុបំណង ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ដែលជាកាតាលីករជំរុញដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ពិសេសទៅទៀតនោះ មេដឹកនាំទាំងអស់ ក៏បានគាំទ្រការអនុវត្តគោលនយោបាយ និងសកម្មភាពនានា ដែលជួយឲ្យបណ្តាប្រទេសពុំមានព្រំប្រទល់ជាប់សមុទ្រ (Land-Look countries) អាចផ្លាស់ប្តូរទៅជាប្រទេសមានការតភ្ជាប់ទៅនិងប្រទេសដទៃទៀត (Land-Linked) ដោយរួមបញ្ចូលទាំងការពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនឆ្លងកាត់ និងហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ រួមគ្នាបំពេញនូវការទទួលខុសត្រូវផ្នែកសង្គម និងអនុវត្តគោលការណ៍នានា ក្រោមកិច្ចព្រមព្រៀងសកល របស់អង្គការសហប្រជាជាតិ។ ក្នុងការប្តេជ្ញាការពារភពផែនដីពីការបំផ្លាញនានា មេដឹកនាំទាំងអស់ បានសម្លឹងឆ្ពោះទៅរកអនាគតមួយ ដែលមានធន់ទ្រាំ នឹងអាកាសធាតុ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ដូចជាការការពារបរិស្ថាន សេដ្ឋកិច្ចវិលជុំ ថាមពលស្អាត និងប្រសិទ្ធភាពថាមពល ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ពិសេសគាំទ្រការអនុវត្តសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ស្តីពីការពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយ សកម្មភាពក្នុងទសវត្សអន្តរជាតិ ហៅថា ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៨-២០២៨។

មេដឹកនាំក៏បានគាំទ្រ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងអំពើពុករលួយ និងប្រកាន់ជំហរមិនអត់ឱន ក្នុងការប្រឆាំងនឹងអំពើពុករលួយ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាតិ របស់ប្រទេសនិមួយៗ។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិ ជាមួយនិងប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងគាំទ្រឲ្យមានវេទិកាខ្សែក្រវាំត់និងផ្លូវនេះជាទៀងទាត់ អមដោយកម្មវិធីបន្ទាប់បន្សុំផ្សេងទៀត តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានថ្លែងអំណរគុណ និងអបអរសាទរ ប្រទេសចិន ចំពោះការធ្វើជាម្ចាស់ផ្ទះវេទិការខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងទន្ទឹងរងចាំចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣បន្តទៀត៕