(កណ្តាល)៖ លោកស្រីគតិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានគូសបញ្ជាក់ថា សមាជិកសមាជិការគណបក្ស ប្រជាជនកម្ពុជាទាំងអស់ បានរួបរួមសាគ្គីគ្នាបានយ៉ាងល្អប្រសើរ ក្នុងការអនុវត្តន៍គោលនយោបាយរបស់គណបក្ស ទើបធ្វើឱ្យសង្គមកម្ពុជា មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស និងរស់នៅប្រកបដោយសុខដុមរមនា។
ការលើកឡើងបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញប្រកាសសេចក្ដីសម្រេចកែសម្រួលភារកិច្ច និងតែងតាំងមន្រ្តីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ។
លោកស្រីគតិសង្គហបណ្ឌិត ឃួន សុដារី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការទាំងអស់ និងក្រុមការងារចុះមូលដ្ឋាន ដែលបានលះបង់ខ្ពស់ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការបម្រើគណបក្សនាពេលកន្លងមកដោយក្តីស្មោះស្ម័គ្រ។
ជាមួយគ្នានេះ លោកស្រី ក៏បានក្រើនរំលឹកដល់សមាជិកសមាជិការ ពង្រឹងកិច្ចសហប្រតិបត្តិរួមគ្នាបន្ថែមទៀត នៅតាមគ្រប់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ មានជំនឿចិត្តកាន់តែខ្ពស់ មកលើគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជោគជ័យគ្រប់ភារៈកិច្ច មិនមែនយើងធ្វើតែម្នាក់ឯងនោះទេ គឺត្រូវរួបរួមសាមគ្គីគ្នាជាក្រុម ទើបសម្រេចបានផ្លែផ្កាគួរជាទីមោទនចំពោះ ជាតិមាតុភូមិ និងបុព្វហេតុក្នុងការបម្រើប្រជាពលរដ្ឋ។
លើសពីនោះ សកម្មជនយុវជនក្មេងៗជំនាន់ក្រោយ ត្រូវមានស្មារតីទទួលខុសត្រូវ ចំពោះភារៈកិច្ចការងារដែលគណបក្សប្រគល់ជូន ក្នុងការអនុវត្តគោលនយោបាយចតុកោណតំណាក់កាលទី៤ និងតាមដានរាល់សភាការណ៍ ដែលកើតមានឡើងឱ្យបានច្បាស់លាស់ ដើម្បីធ្វើការវាយបក ឱ្យបានទាន់ពេលវេលា ចំពោះឧបាយកលទុច្ចរិតរបស់គណបក្សប្រឆាំង ដែលមានបំណងអាក្រក់បំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ ក្រោមកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និងកសាងរបស់រដ្ឋាភិបាលស្របច្បាប់ ជាពិសេសពន្យល់ណែនាំសមាជិក សមាជិការថ្នាក់មូលដ្ឋាន បានទទួលជាព័ត៌មាន នូវចេតនាមិនល្អគ្រប់ប្រភេទរបស់ក្រុមបក្សប្រឆាំង៕