(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ ជាអង្គបោះឆ្នោតក្រុមប្រឹក្សា រាជធានីភ្នំពេញ-ខណ្ឌ អាណត្តិទី៣ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។
លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ បានលើកឡើងថា សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដែលជាអង្គបោះឆ្នោតក្រុមប្រឹក្សារាជធានីភ្នំពេញ-ខណ្ឌ ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីភ្នំពេញ-ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។
លោក សុខ សម្បត្តិ បានបញ្ជាក់ទៅក្រុមប្រឹក្សាសង្កាត់ទាំងអស់ថា ក្នុងនាមជាអង្កបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខណ្ឌ ការគូសសន្លឹកឆ្នោត ត្រូវពិនិត្យឱ្យបានច្បាស់លាស់ទៅលើឡូហ្គោ គណបក្សនីមួយៗ ដោយសារតែមានគណបក្សមួយនោះមាន ឈ្មោះស្រដៀង និងគណបក្សប្រជាជនកម្ពុជា។
ក្រៅពីការលើកឡើងខាងលើលោក សុខ សម្បត្ដិ ក៏បានលើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយលោកបញ្ជាក់ថា ក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិប៉ុន្មានថ្ងៃ កន្លងមកនេះឃើញថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ គ្មានចោរគាស់ផ្ទះចោរលួច ចោរប្លន់។
ការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរនេះ គឺដោយសារតែអាជ្ញាធរ សង្កាត់-ខណ្ឌ បង្កើតកម្លាំងល្បាតនៅតាមទីកន្លែងសប្បាយភាព និងកន្លែងស្មុគស្មាញមួយចំនួននៅក្នុងមូលដ្ឋាន៕