(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤៧ ដល់ទី៥០ ចំនួន១,៤៥០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២២សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការ និង០១សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាជាង ៤០,០០០នាក់។ ដោយឡែកសិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ទាំង ៥០ជំនាន់ មានចំនួន១៣,៣៨២នាក់។
លោក លី ប៊ុនឆៃ បានបន្ថែមថា កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅ សិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។
ក្នុងនោះដែរ សាលា ក៏បានបន្ថែមកម្មវិធីសិក្សាដូចជា៖ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាព គ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុតេស្តអន្តរជាតិ អាយអែល (IELTS) យ៉ាងតិច៥.៥ឡើងទៅ ដែលអាចដាក់ ពាក្យសុំអាហារូបករណ៍ទៅសិក្សា នៅក្រៅប្រទេសបានយ៉ាងងាយ ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រ នាពេលនេះ។
លោកបណ្ឌិត ក៏បានបន្ថែមទៀតថា សិស្សដែល សិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី៦.៥ឡើងទៅ នឹងទទួលបានអាហារូបករណ៍១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រយៈពេល៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី៧.៥ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសផងដែរ។
ចំពោះសិស្សដែលទទួលបានពិន្ទុចាប់ពី៦.៥ ដល់៧.០ ប៉ុន្តែកំពុងសិក្សាថ្នាក់ចំណេះទូទៅ នៅសាលា ប៊ែលធី អន្តរជាតិគ្រប់កម្រិតថ្នាក់ នឹងទទួលបានអាហារូបករណ៍៥០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅ រហូតចប់ថ្នាក់ទី១២។ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុចាប់ពី៧.៥ឡើងទៅ នឹងទទួលបានអាហារូបករណ៍១០០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅ រហូតចប់ថ្នាក់ទី១២។
លោកបណ្ឌិត ក៏បានបន្ថែមទៀតថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានកម្មវិធីសិក្សាជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោត ទៅលើភាសាអង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលា រហូតដល់ សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជា ភាសាជាតិ ដោយបង្រៀនជា ពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតប៊ែលធី ទទួលបាននូវចំណេះដឹង និងជំនាញច្បាស់លាស់ ព្រមទាំង ផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ ដែលជាឱកាស ក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយជោគជ័យ និងក្លាយជាសហគ្រិនភាពដ៏ល្បី ក្នុងពេលអនាគត។
បន្ទាប់មក លោកបណ្ឌិត ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រ ដល់សិស្សជ័យលាភីទាំង ១,៤៥០នាក់ នាពេលនោះផងដែរ។
សូមបញ្ជាក់ថា សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង ២០សាខា ថ្នាក់ភាសាអង់គ្លេសវគ្គថ្មី ចូលរៀនថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បង់ថ្លៃសិក្សា១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម១ឈុតផងដែរ៕