(ព្រះសីហនុ)៖ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុបានឲ្យដឹងថា ស្ថាប័នខ្លួនទទួលបានគោលការណែនាំថ្មីមកពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមកថា ចំពោះរថយន្តដឹកជញ្ជូនធុនធ្ងន់ ឬរថយន្តគ្រប់ប្រភេទមួយចំនួន ដែលនាំចូលរថយន្តថ្មីមកប្រើប្រាស់ ឬធ្វើអាជីវកម្មមានបង់ពន្ធត្រឹមត្រូវរួចហើយ ប៉ុន្តែម្ចាស់រថយន្តមិនបិទលត្តាបត្រ័គយនៅកញ្ចក់រថយន្តក្នុងនោះ ក៏មានម្ចាស់រថយន្តខ្លះទៀតមិនយករថយន្តទៅធ្វើផ្លាកលេខ។
ចំណុចនេះលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុបញ្ជាក់ថា រថយន្តថ្មីមានបង់ពន្ធរួចហើយ ប៉ុន្តែមិនមានបិទលត្តាបត្រ័គយ នៅកញ្ចក់រថយន្ត ឬមិនធ្វើផ្លាកលេខ ធ្វើចរាចរណ៍ដឹកជញ្ជូនតាមផ្លូវគឺជាការខុសច្បាប់។ ក្នុងនោះប្រសិនបើមន្ត្រីគយរកឃើញ និងចាប់បានរថយន្តថ្មីបង់ពន្ធរួចហើយក្តី តែមិនមានបិទលត្តាបត្រ័គយ នឹងតម្រូវឲ្យម្ចាស់រថយន្តទាំងនោះ បង់ប្រាក់ពិន័យចាប់ពីមួយលានរៀល ដល់ប្រាំលានរៀលក្នុងរថយន្តមួយគ្រឿង តាមគោលការណ៍ណែនាំរបស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។ លោកបន្តថា ចំពោះរថយន្តដែលមិនមានផ្លាកលេខ ខាងសមត្ថកិច្ចជំនាញស្ថាប័នផ្សេងៗទៀត នឹងធ្វើការផាកពិន័យដាច់ ដោយឡែកទៅតាមច្បាប់ របស់ស្ថាប័ននីមួយៗ៕