(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ បានអនុញ្ញាត ឱ្យគណៈប្រតិភូអន្តរជាតិ មកពី៥ប្រទេសរួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម ជាប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង នៅទីស្តីការក្រសួងធម្មការ និងសាសនា។
ក្នុងជំនួបខាងលើ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូដែលបាននិមន្ដ អញ្ជើញមកទស្សនកិច្ច នៅកម្ពុជានាពេលនេះ។ លោកទេសរដ្ឋន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិយ៉ាងល្អជាមួយបណ្តាលទាំង៦ គឺជាប្រទេសមិត្តភាពមានព្រំប្រទល់ របងជាមួយគ្នា បរិភោគ និងប្រើប្រាស់អាស្រ័យផលទឹកទន្លេតែមួយជាមួយគ្នា។
ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបន្តទៀតថា ខណៈពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទទួលបានគោរមងារ «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមានិតចិនថ្មីៗនេះ។
ទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសពហុសាសនា ក្នុងនោះមានធំចំនួន៣ធំៗ សាសនាព្រះពុទ្ធ ឥស្លាម និងគ្រឹស្ទសាសនា ហើយមានគណៈគ្រប់គ្រង និងរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់។ ក្នុងនោះព្រះពុទ្ធសាសនាថេរវាទ គឺមានប្រជាជនកាន់ ច្រើនជាងគេ។ ចែកចេញជា២គណៈ និងមានសម្ដេចព្រះមហាសង្ឃរាជា និងគណៈសង្ឃគណៈនាយកជាអ្នកគ្រប់គ្រង។ ដោយឡែកវិស័យពុទ្ធិកសិក្សាមានចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមសិក្សា និងមានសិស្សនិស្សិតបន្ដការសិក្សានៅក្រៅប្រទេសរួមមាន៖ ថៃ មីយ៉ាម៉ា ឡាវ ឥណ្ឌា ស្រីលង្ការ-ល-។
ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ក៏បានបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែងការពារ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ត្រូវបានការពារស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតនៅក្នុងឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរដល់គណៈប្រតិភូក្នុងពេលទស្សនកិច្ចប្រកបដោយជោគជ័យ និងត្រលប់ដោយសុវត្ថិភាព ទេសរដ្ឋមន្ត្រី សង្ឃឹមថាប្រទេសយើងទាំង៦ នឹងបន្ដរឹតចំណងសាមគ្គីភាព ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ លើវិស័យសាសនានៅតាមដងទន្លេមេគង្គ-ឡាងឆាង ឱ្យកាន់ប្រសើរឡើងបន្ថែមទៀត ដើម្បីប្រជាជាតិតាមដងទន្លេមេគង្គ៕