(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀងលោក ម៉ែន វិបុល បានថ្លែងអំណរគុណដល់មន្ត្រីរាជការ និងកងកម្លាំងទាំងបីប្រភេទ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ដែលបង្កឲ្យកម្មវិធីសង្ក្រាន្តស្វាយរៀង នៅឆ្នាំ២០១៩នេះ ទទួលបានជោគជ័យ ជាប់ចំណាត់ថ្នាក់លេខ២ ដែលមានមនុស្សចូលរួមដើរលេងកម្សាន្តសប្បាយជិតកន្លះលាននាក់។
លោកចាត់ទុកថា ទាំងអស់នេះក៏ដោយសារមានការចូលពីកងកម្លាំងប្រដាប់អាវុធ បានការពារសុខសុវត្ថិភាពបានយ៉ាងល្អលទ្ធផលដ៏ល្អប្រសើរ ទទួលបានពីការចូលរួមចំណែក សហការប្រកបដោយការទទួលខុសត្រូវពីគ្រប់ជំនាញ គ្រប់ផ្នែក និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ផងដែរ។
ទន្ទឹមនេះ លោក ម៉ែន វិបុល ក៏សូមថ្លែងនូវការកោតសរសើរជូនចំពោះគណៈកម្មការ អនុគណៈកម្មការរៀបចំសង្ក្រាន្តស្វាយរៀង ឆ្នាំ២០១៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្វាយរៀង ជាពិសេសក្រុមការងារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងធ្វើឲ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តស្វាយរៀង ក៏បានជំរុញដល់កម្លាំងទាំងអស់ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការគ្នាឲ្យបានល្អក្នុងការដឹកនាំអង្គភាពរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ មិនតែប៉ុណ្ណោះលោកអភិបាលខេត្ត បានណែនាំដល់កងកម្លាំងត្រូវថែរក្សាសុខសន្តិភាព សុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋឲ្យល្អប្រសើរបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ ដែលផ្ញើមក Fresh News បានឲ្យដឹងថា ខេត្តស្វាយរៀងនៅឆ្នាំ២០១៩នេះ ទទួលបានជោគជ័យជាប់ចំណាត់ថ្នាក់លេខ២ ដែលមានមនុស្សចូលរួមដើរលេងកម្សាន្តសប្បាយ ជាង៤៦ម៉ឺននាក់ ខណៈខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខ១ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង៩២ម៉ឺននាក់។ រីឯខេត្តដែលជាប់ចំណាត់ថ្នាក់លេខ៣ គឺខេត្តកំពង់ចាម ដែលមានអ្នកទៅកម្សាន្តជាង ៤៥ម៉ឺននាក់៕