(កំពង់ស្ពឺ)៖ ព្រះវិហារ និងកុដិរួម ជាមួយសមិទ្ធផលនានា ជាច្រើនដែលបានកសាងរួចជាស្ថាពរ ដោយចំណាយថវិកាសាងសង់អស់ជាង ២៦ម៉ឺនដុល្លារអាមេរិក ដែលចូលរួមឧប្ត្ថម្ភគាំទ្រពីសប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទចំណុះជើងវត្តក្នុងវត្តក្តីកណ្តាល ស្ថិតនៅក្នងឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
ក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន ក្នុងនោះមានវត្តអារាម សាលា រៀន មន្ទីរពេទ្យ និងអាគារសំខាន់របស់រដ្ឋ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អ្វីៗត្រូវបានស្តារ និងកសាងឡើងវិញ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន។
សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញដំណើរការនៃ កំណែទម្រង់ស៉ីជម្រៅ និងទូលំទូលាយដែលរួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។ សម្តេចថា កាលពីឆ្នាំ២០១៥កន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រតោកយ៉ាក ចូលមកកាន់ប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ជាមួយគ្នានេះ សម្តេច ហេង សំរិន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងវិភាគទានដ៏ថ្លៃថ្លាពីគ្រប់ផ្នែកទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងវត្តក្តីកណ្តាលនេះ។ សម្តេចបានគូសបញ្ជាក់ថា ការចូលរួមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿ និងការគោរពប្រណិបត្តិដ៏ជ្រាលជ្រៅរបស់ប្រជាជន ចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ តែថែមទាំងបង្ហាញឲ្យឃើញ នូវស្មារតីសាមគ្គីភាព ការគោរពស្រឡាញ់ និងការគាំទ្ររបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
វាជាការផ្លាស់ប្តូរមួយ ដែលប្រទេសកម្ពុជាមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គមរីកចម្រើន ជាវឌ្ឍនភាពមួយដែលប្រទេសកម្ពុជាត្រូវបានពិភពលោកមើលឃើញថាជារបត់ថ្មី និងជាប្រទេសមួយដែលទាក់ទាញការចាប់អារម្មណ៍ ក្នុងក្រសែភ្នែកនៃអ្នកវិនិយោគ ទាំងក្នុងតំបន់ និងពិភពលោក ដោយសម្តេចបានគូសបញ្ជាក់ទៀតថា អ្នកវិនិយោគបរទេស មុននឹងដាក់ទុននៅក្នុងប្រទេសណាមួយ ពួកគេត្រូវសិក្សាលើកត្តាសំខាន់ៗមួយចំនួនគឺសុខសន្តិភាព ស្ថិរភាពសង្គមរយៈពេលវែង កំណើន សេដ្ឋកិច្ចរបស់ប្រទេស និងជាពិសេសគោលនយោបាយ និងច្បាប់គ្រប់គ្រង ហើយថាប្រទេសកម្ពុជា បានរៀបចំគោលនយោបាយត្រឹមត្រូវ បើកចំហរ ច្បាប់នានាល្អ ដើម្បីផ្តល់ ឱកាស និងលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិ។ យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងគោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ច សំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ (តួយ៉ាងខេត្តកំពង់ស្ពឺ) បានបង្កើតការងារជូនក្មួយៗ កម្មករ កម្មការនី នៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ក៏ដូចជាការលើកស្ទួយជីវភាពរបស់ប្រជាជន។
នៅក្នុងឱកាសនោះដែរ សម្តេចពញាចក្រី ហេង សំរិន បានក្រើនរំឭកចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ត្រូវបន្តរួមគ្នាធ្វើអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោះស្រាយបញ្ហាចំពោះមុខគ្រោះធម្មជាតិ (គ្រោះរាំងស្ងួត) ដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ តាមរយៈថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកសន្សំសំចៃ ជាមួយនឹងការរក្សាទឹកក្នុងស្រះ ហើយអាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងវិធានការណ៍ការពារត្រៀមជាមុនសម្រាប់ករណីនេះឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះដែរ តំបន់ខ្លះចាប់ផ្តើមមានភ្លៀងធ្លាក់លាយឡំមកជាមួយខ្យល់កន្រ្តាក់ ដែលនំាឲ្យខូចខាតផ្ទះសម្បែងប្រជាជន ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
ដើម្បីជាការលើកទឹកចិត្តចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងសប្បុរសជនដែលបានចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើន ក្នុងការកសាងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ពិសេសក្នុងវត្តក្តីកណ្តាលនេះ សម្តេច ហេង សំរិនបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឍ និងជូនសប្បុរសជនដែលក្នុងនោះមានគ្រឿងឥស្សរិយយស ជាតូបការ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសមុនីសារាភណ្ឌ័ ថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា។
បន្ទាប់ពីពិធីបំពាក់គ្រឿងឥស្សរិយយសរួចមក សម្តេចពញាចក្រី ហេង សំរិន បាននាំយកអំណោយជាបច្ឆ័យប្រគេនវត្តក្តីកណ្តាល ចំនួន៤០លានរៀល សម្រាប់ចូលរួមកសាងសមិទ្ធិផលក្នុងវត្ត។ បច្ច័យសម្រាប់កាន់ទិសទាំង៨ ក្នុងមួយទិស៥០ម៉ឺនរៀល។ ដោយឡែក ទិសសីមាកិលបច្ច័យ១លានរៀល។
ជាមួយគ្នានេះសម្តេចបានឧបត្ថមដល់លោកគ្រូអ្នកគ្រូ១០០នាក់ ក្នុងម្នាក់ៗថវិកា២០០០០រៀល សិស្សានុសិស្ស៥០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ប៊ិច និងថវិកា៥០០០រៀល។ ឧបត្ថម្ភដល់យុវជនកាកបាទក្រហម សិស្សកាយរិទ្ធ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ សរុបចំនួន២០០នាក់ ក្នុងម្នាក់ៗថវិកា១០០០០រៀល ជូនសាលាស្រុកឧដុង្គ និងមន្រ្តីរាជការក្រុមប្រឹក្សាឃុំ ស្រុកសរុបចំនួន៣លាន២សែន៥មឺនរៀល ជូនកម្លាំងការពារថវិកា២លាន៦សែនរៀល ឧបត្ថម្ភក្រុមគ្រូពេទ្យថវិកា១លានរៀល។ លោកយាយលោកតា ១០០នាក់ម្នាក់ៗ ទទួលបានក្រណាត់សមួយដុំ ថវិកា១០០០០រៀល។ ព្រមទាំងបានចែកជូនវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋ ចូលរួមចំនួន៤ពាន់នាក់ផងដែរ៕