(ព្រះសីហនុ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ចាប់បានបង្គាស្រស់ មានលាយសារធាតុគីមីហាមឃាត់ ត្រូវបានឈ្មួញនាំចូលតាមច្រកព្រែកចាក ព្រំដែនកម្ពុជា-វៀតណាម ចូលមកលក់នៅក្នុងទីផ្សារក្រុងព្រះសីហនុព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក នៅ តុន ផ្តល់សម្ភាសឲ្យភ្នាក់ងារ Fresh News ដឹងថា ព្រកមិញនេះ មន្ត្រីស្ថាប័នលោក បានសហកាជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចាប់ឃាត់រថយន្តមួយគ្រឿង ដឹកបង្គាស្រស់ចំនួន ៤៥កេះ មានទម្ងន់ ៩០០គីឡូក្រាម មានសារធាតុគីមីហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រែកចាក ខេត្តកំពត យកមកដុតកម្ទេចចោលភ្លាមៗ។
លោកបន្តថា ទំនិញបង្គាស្រស់ទាំងនោះ បន្ទាប់ពីមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានធ្វើវិភាគ ពិនិត្យឃើញមានដាក់លាយសារធាតុគីមី មានសណ្ចាន ដូចចាហ៊ួយ ត្រូវម្ចាស់ទំនិញដាក់លាយនៅក្នុងបង្គាស្រស់ទាំងនោះ។
លោក នៅ តុន បន្តថា បង្គាស្រស់មានលាយសារធាតុគីមីទាំង ៤៥កេះ ត្រូវបាននាំមកដុតកម្ទេចចោល ភ្លាមៗនៅក្នុងបរិវេណសាខាកាំកុងត្រូកខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។ ក្នុងនោះមន្ត្រីជំនាញ ក៏បានតម្រូវឲ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណាងឲ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់នាំចូលបង្គា មានសារធាតុគីមីទាំងនោះ នាថ្ងៃខាងមុខទៀត។
ផ្តើមពីបញ្ហានេះ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមអាជីវករ ត្រូវចូលរួមសហការ និងបញ្ឈប់ការនាំចូល ឬដាក់លក់ទំនិញ បន្លែ ត្រីសាច់ ព្រមទាំងទំនិញផ្សេងៗទៀត ដែលមានដាក់សារធាតុគីមីហាមឃាត់ នាំឲ្យប៉ះពាល់ដល់សុខភាពមនុស្សតទៅទៀតនោះទេ។
លោកថា ការនាំចូល ឬការទទួលលក់ទំនិញ និងចំណីអាហារខូចគុណភាព ឬមានលាយសារធាតុគីមី ដើម្បីឲ្យអាហារស្រស់ រក្សាទុកលក់បានយូរ គឺជាអំពើខុសច្បាប់ ហើយថា អ្នកជាប់ពាក់ព័ន្ធសកម្មភាពខាងលើនឹងត្រូវប្រឈមមុខការផ្តន្ទាទោស បើមន្ត្រីជំនាញរកឃើញមានកំហុសឆ្គងធ្ងន់ធ្ងរ៕