(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី សរុបចំនួន១,២១៨រូប ដើម្បីបម្រើការងារនៅតាម គណៈកម្មការការិយាល័យបោះឆ្នោតនៅតាមក្រុង-ស្រុក ខណ្ឌ ក្នុងរាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃនៅតាមក្រុង-ស្រុក-ខណ្ឌ ឬមណ្ឌល ប្រមូលផ្តុំនៃរាជធានី-ខេត្ត។ ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ នឹងធ្វើឡើងចាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧៖០០នាទីព្រឹក ហើយការឈប់ទទួលពាក្យ គឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖៣០នាទីល្ងាច។
គ.ជ.ប ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុង-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ សូមអញ្ជើញទៅពិនិត្យមើលសេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើសសមាសភាព គ.ក.ប ការចែកពាក្យ និងការទទួលពាក្យសុំចូល បម្រើការងារ ដែលនឹងបិទផ្សាយចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ នៅតាមក្រុង-ស្រុក-ខណ្ឌ នៃរាជធានី-ខេត្ផងដែរត៕
សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖