Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារនូវក្តីនឹករលឹកដល់ជនរួមជាតិទាំងអស់តាមរយៈ Facebook ខណៈកំពុងបំពេញបេសកកម្មដើម្បីប្រយោជន៍ជាតិនៅលើទឹកដីប្រទេសចិន (Video inside)

27-04-2019 10:43

(ប៉េកាំង)៖ ទោះបីជាស្ថិតនៅក្នុងភាពមមាញឹកជាមួយបេសកកម្មចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ រួមទាំងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត នៅទីក្រុងប៉េកាំងក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតផ្ញើសារនឹករលឹកជូនជនរួមជាតិខ្មែរ នៅក្នុងប្រទេស។

ជាមួយនឹងការផ្តើមសំណួរសួរសុខទុក្ខជនរួមជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបង្ហាញព័ត៌មានខ្លះៗដល់ជនរួមជាតិ អំពីកិច្ចការសំខាន់ៗមួយចំនួន ដែលសម្តេចកំពុងពិភាក្សា ដើម្បីនាំមកនូវប្រយោជន៍ពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា។

សម្តេចបានបញ្ជាក់ថា «ខ្ញុំ និងគណៈប្រតិភូដែលកំពុងស្នាក់នៅប្រទេសចិន គឺសុខសប្បាយធម្មតា។ ចាប់តាំងពីមកដល់ទឹកដីមិត្តចិន គឺខ្ញុំបានជួបពិភាក្សាការងារទ្វេភាគី ជាមួយបណ្តាប្រទេសជាមិត្ត ដៃគូឯកជន និងជាមួយមន្រ្តីសំខាន់ៗរបស់ប្រទេសចិន ដើម្បីពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យ វិនិយោគនិងពាណិជ្ជកម្ម។ វេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ លើកទី២ ដែលបានប្រារព្ធកាលពីម្សិលមិញ គឺនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនឡើងដល់ប្រទេសជាតិយើង»។

នៅក្នុងឱកាសនេះដែរនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមជូនពរបងប្អូនជនរួមជាតិ ឱ្យបានសប្បាយរីករាយនៅថ្ងៃឈប់សម្រាកថ្ងៃនេះទាំងអស់គ្នា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ដែលរៀបចំដោយរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

សម្តេចតេជោ និងគណៈប្រតិភូ នឹងអញ្ជើញមកដល់មាតុភូមិវិញនៅវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩៕