(ប៉េកាំង-ចិន)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រធាន ក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd ចិន ចូលសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានស្វាគមន៍នូវគម្រោងចង់វិនិយោគលើវិស័យកសិកម្ម ព្រមទាំងបានបញ្ជាក់ថា នៅកម្ពុជាមានសក្តានុពលយ៉ាងខ្លាំង សម្រាប់ការវិនិយោគ ជាពិសេសការវិនិយោគលើការដាំឈើឡើងវិញ ការកែច្នៃផិតផលកសិកម្ម ការដាំដុះនៅមុខដំណាំផ្សេងៗ និងការចញ្ចឹមសត្វ ឬចញ្ចឹមត្រីជាដើម ដែលទាំងអស់នេះ គឺមានសក្តានុពលក្នុងការវិនិយោគ ដែលអាចធ្វើការនាំចេញមកប្រទេសចិន ឬទីផ្សារក្នុងប្រទេសអស៊ាន ក៏ដូចជាទីផ្សារអឺរ៉ុប និងអាមេរិកផងដែរ។
លោករដ្ឋមន្ត្រីក៏បានអញ្ជើញក្រុមហ៊ុនឲ្យមកប្រទេសកម្ពុជា សិក្សាឲ្យបានល្អដើម្បីឲ្យដំណើរការបានល្អ។
លោកប្រធានក្រុមហ៊ុនចិន បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការស្វាគមន៍លើការវិនិយោគ លោកបានបញ្ជាក់ថា ក្រុមហ៊ុនលោកមានមុខជំនួញជាច្រើន ហើយចំពោះមុខនេះ លោកមានបំណងចង់វិនិយោគលើវិស័យដាំឈើ ដើម្បីនាំមកប្រទេសចិន។
លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា ករណីក្រុមហ៊ុនចង់វិនិយោគលើការដាំឈើនេះ គឺក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនចិន ដែលមានដីស្រាប់ ដើម្បីសហការដាំដុះនូវប្រភេទឈើថ្មីនេះដើម្បីនាំចេញ ដោយសារពេលនេះ យើងមិនមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៀតទេ។
ក្រុមក៏អាចសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីសហការក្នុងការដាំ និងប្រមូលទិញនូវដើមអាកាស្យាផងដែរសម្រាប់ធ្វើការកែច្នៃ។
លោកប្រធានក្រុមហ៊ុនក៏មានការចាប់អារម្មណ៍ លើការដាំកៅស៊ូផងដែរ ដោយចង់ធ្វើការកែច្នៃជាសំបករថយន្តសម្រាប់នាំចេញ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្ទៃដីកៅស៊ូមានប្រមាណ៤៥ម៉ឺនហិកតា តែតំលៃកៅស៊ូបច្ចុប្បន្នមានតំលៃទាប និងមានបញ្ហាច្រើន ដូច្នេះសូមអោយក្រុមហ៊ុន ទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីលទ្ធភាពវិនិយោគ៕