(ភ្នំពេញ)៖ តាមរយៈការធ្វើបទបង្ហាញអំពីអាហារូបករណ៍ជប៉ុន MEXT Scholarship សម្រាប់ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាប្រមាណ១១,០០នាក់ហើយ ដែលបានទៅសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុន។
អតីតនិស្សិតអាហារូបករណ៍ ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន បានចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រមទាំងបានពង្រឹងចំណងមិត្តភាព និងការយល់ដឹងស៊ីជ្រៅរវាងប្រទេសជប៉ុន និងប្រជាជនកម្ពុជា។
លោក កូហេ ហូរី លេខាទី២នៃស្ថានទូតជប៉ុន បានបញ្ជាក់ថា ជាក់ស្ដែងអតីតនិស្សិតអាហារូបករណ៍ បច្ចុប្បន្ននេះកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យផ្សេងៗ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយស្ថេរភាព ក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា ការបង្កើតនូវជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ និងរាជធានីភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០១៦ ក៏បានជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។
លោកថា គិតត្រឹមខែមេសា ឆ្នាំ២០១៩នេះ មានប្រជាជនជប៉ុនប្រមាណ៤,០០០នាក់ ដែលរស់នៅប្រទេសកម្ពុជា និងមានក្រុមហ៊ុនជប៉ុនចំនួន១៨៥ក្រុមហ៊ុន ដែលបានចុះឈ្មោះ ក្នុងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC)។ តួរលេខទាំងនេះ គឺបានបង្ហាញពីការកើនឡើងជិត៤ដងបើធៀបនៅឆ្នាំ២០១០។ នេះសបញ្ជាក់ឱ្យឃើញថា នៅកម្ពុជា កាន់តែត្រូវការនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន ដែលជាធនធានដ៏មានសក្តានុពល សម្រាប់ស្ថាប័នទាំងឯកជន និងរដ្ឋក្នុងនោះរាប់ទាំងក្រុមហ៊ុនជប៉ុនផងដែរ៕