(ភ្នំពេញ)៖ ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ដែលពាក់ព័ន្ធនឹងការនាំលុយអាមេរិកជាង៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជានោះ ត្រូវបាននគរបាលអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីបន្តនីតិវិធី។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ និងទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

ពួកគេត្រូវបាន កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយចំនួន ៣,៥២០,០០០ ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ។

ក្រោយពីការត្រួតពិនិត្យឯកសាររួចជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា។

ការចាប់ខ្លួនជនជាតិចិនទាំង ៣នាក់ខាងលើនេះ ក៏បានកើតមានឡើងបន្ទាប់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនផងដែរ៕