(ភ្នំពេញ)៖ រយៈពេល៧ថ្ងៃ គិតត្រឹមថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពុំបានទទួលពាក្យបណ្តឹងជំទាស់ឡើយ ប៉ុន្តែទទួលពាក្យបណ្តឹងតវ៉ា១០បណ្ដឹង ក្នុងនោះសម្រេចយល់ព្រមតាមពាក្យបណ្តឹងចំនួន៣ និងកំពុងដោះស្រាយចំនួន៧បណ្ដឹង។ នេះតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប។
សេចក្តីប្រកាសព័ត៌មាន រដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកមិញបានឱ្យដឹងថា បណ្តឹងទាំង ១០បណ្តឹងខាងលើនេះ រួមមាននៅខេត្តបាត់ដំបងចំនួន១បណ្តឹង ដោយយល់ព្រមតាមពាក្យបណ្តឹង, ខេត្តកំពង់ស្ពឺ ចំនួន២បណ្តឹង កំពុងដោះសា្រយទាំង២បណ្តឹង, ខេត្តកំពង់ធំ ចំនួន៦បណ្តឹង យល់ព្រមតាមពាក្យបណ្តឹងចំនួន ១បណ្តឹង និងកំពុងដោះស្រាយចំនួន៥បណ្តឹង និងខេត្តតាកែវ ចំនួន១បណ្តឹង ថោយយល់ព្រមតាមពាក្យបណ្តឹង។
ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង មានរយៈពេល១៩ថ្ងៃ (លើកលែងថ្ងៃបុណ្យផ្លូវការ១ថ្ងៃ) ចាប់ពីថ្ងៃទី ២២ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ ដំណាក់កាល នីមួយៗនៃបណ្ដឹងមានដូចខាងក្រោម ៖
* ការប្តឹងទៅ គធ.ខប ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩
* ការដោះស្រាយពាក្យបណ្តឹងដោយ គធ.ខប ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីថ្ងៃប្តឹង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩
* ការប្តឹងទៅ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីថ្ងៃ គធ.ខប បដិសេធ (ឈប់បុណ្យ៧ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩
* ការដោះស្រាយពាក្យបណ្តឹងដោយ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីថ្ងៃប្តឹង ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប៖