(ភ្នំពេញ)៖ ក្នុងនាមប្រជាពលរដ្ឋអ្នកភ្នំពេញម្នាក់ ខ្ញុំក៏ជាអ្នកជួបប្រទះការដាច់ភ្លើងដូចបងប្អូនទូទៅដែរ។ ដូច្នេះខ្ញុំពិតជាយល់អារម្មណ៍ពេលដាច់ភ្លើងថា តើវាយ៉ាងណាពីព្រោះអាកាសធាតុក្តៅស្អុះស្អាប់ ជាពិសេសដាច់ភ្លើងពេលយប់តែម្តង។
អារម្មណ៍ពិបាកទ្រាំពេលដាច់ភ្លើងក្នុងសម័យនេះដោយសារតែយើងម្នាក់ៗទម្លាប់ទៅនឹងការប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់ និងទម្លាប់ជាមួយនឹងការប្រើប្រាស់អំពូលភ្លើង ព្រោងព្រាតទាំងក្នុងផ្ទះក៏ដូចជានៅតាមទីសាធារណៈ។ បើអ្នកមានឡានហើយធ្វើការក្នុងការិយាល័យវិញក្នុងមួយថ្ងៃៗ ពួកគេស្ថិតនៅក្នុងម៉ាស៊ីនត្រជាក់ ស្ទើរតែ២៤ ម៉ោងទៅហើយ ពីព្រោះទាំងនៅក្នុងរថយន្ត ក្នុងការិយាល័យ និងក្នុងបន្ទប់គេង សុទ្ធតែប្រើម៉ាស៊ីនត្រជាក់តែរហូត។ ដូច្នេះពេលដាច់ភ្លើងក៏មានអារម្មណ៍ធុញថប់ភ្លាម ហើយនាំគ្នារអ៊ូររទាំ បង្ហោះហ្វេសប៊ុក ព្រោងព្រាត។ នេះជាសេរីភាព របស់មនុស្សក្នុងសម័យបចចេ្ចកវិទ្យាទំនើប។
ទោះជាយ៉ាងណាប្រសិនបើយើងគិតសព្វគ្រប់ទៅ ដាច់ភ្លើងនៅស្រុកយើងពេលនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេ។ យើងដាច់ភ្លើងមួយថ្ងៃតែប៉ុន្មានម៉ោង តែយើងមិនបានដាច់បាយ ដាច់ទឹកឡើយ។ ម្ហូបអាហារ យើងមានពោរពាសសម្រាប់បរិភោគ។ លើសពីនេះទៅទៀត ដាច់ភ្លើងនៅស្រុកយើងខុសពីដាច់ភ្លើងក្នុងបណ្តារប្រទេស មួយចំនួនដែលកើតឡើងដោយ សារតែអំពើវិច្ឆេទកម្ម ភេរវកម្ម ឬដោយសារតែការទម្លាក់គ្រាប់បែកផ្តាច់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ផ្ទះសម្បែង ឲ្យខ្ទេចខ្ទីគ្មានសល់នោះឡើយ។ ដាច់ភ្លើងរបៀបនេះ គឺដាច់ទាំងភ្លើង ដាច់ទាំងបាយ ដាច់ទាំងអាយុជីវិតមនុស្ស ខ្ទេចខ្ទីរទាំងផ្ទះសម្បែងថែមទៀត។
ប៉ុន្តែខុសពីបណ្តារប្រទេសទាំងនោះ ដាច់ភ្លើងនៅស្រុកយើងគឺដោយសារតែសន្ទុះនៃការអភិវឌ្ឍន៍លឿនរហ័សហួសពីការរំពឹងទុក, ដាច់ភ្លើងដោយសារតែការដ្ឋានសំណង់ កើនឡើង៧០០% ដាច់ភ្លើងដោយសារពលរដ្ឋប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងមុនដោយសារតែកំណើនជីវភាព និងតម្រូវការខ្ពស់ខាងផាសុខភាពគួបផ្សំនឹងការប្រែប្រួល អាកាសធាតុដែលគ្មានអ្នកណាអាចប៉ាន់ស្មានបាន។ ម្យ៉ាងវិញទៀត ថ្វីបើភ្លើងដាច់ប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែប្រទេសយើងស្ថិតក្នុងសុខសន្តិភាពយ៉ាងល្អ និយាយឲ្យចំទៅ ដាច់ភ្លើងធ្វើឲ្យយើងក្តៅស្អុះស្អាប់រាងកាយ និងមួរម៉ៅចិត្តបន្តិចបន្តួចមែន ប៉ុន្តែវាមិនបានធ្វើឲ្យយើងរស់នៅក្នុងសភាពភិតភ័យ ដូចប្រទេសដែលមានអសន្តិសុខ អំពើភេរវកម្ម និងសង្គ្រាមនោះឡើយ។
ងាកទៅមើលការងាររបស់រដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីវិញ យើងក៏បានឃើញហើយដែរ នូវកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហា មិនត្រឹមតែបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលក៏មានផែនការអភិវឌ្ឍន៍ វិស័យអគ្គិសនីយ៉ាងច្បាស់លាស់ជាយូរមកហើយផងដែរ ហើយបញ្ហាខ្វះខាតអគ្គិសនីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាច្រើនលើកច្រើនសារសុំការយោគយល់ពីប្រជាពលរដ្ឋ។
តាមគម្រោង រដ្ឋាភិបាលគ្រោងនឹងផ្គត់ផ្គង់ភ្លើងអគ្គិសនីឲ្យដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ រដ្ឋាភិបាលបានប្រើប្រាស់គ្រប់ រូបភាពដើម្បីទទួលបានប្រភពអគ្គិសនី៖ ការទិញអគ្គិសនីពី ប្រទេសជិតខាង, ការសាងសង់ទំបន់វារីអគ្គិសនី ដោយខ្លួនឯងការសាងសង់រោងចក្រអគ្គិសនី ដោយប្រើថាមពលធ្យូងថ្ម និងការទាញយកថាមពលអគ្គិសនី ដោយប្រើថាមពលព្រះអាទិត្យ។ និយាយឲ្យចំទៅរដ្ឋាភិបាលបានគិតគូរគ្រប់ទិដ្ឋភាពទាំងអស់ដោយ គ្មានរំលងមួយណាឡើយ។ ប៉ុន្តែដោយសារតែកត្តាចៃដន្យដូចបានលើកឡើងខាងដើម ទើបបណ្តាលឲ្យកម្ពុជា យើងខ្វះអគ្គិសនីដោយអន្លើៗ នៅពេលនេះ។
យ៉ាងណាក៏ដោយ ខ្ញុំគិតថានេះគ្រាន់តែជាបញ្ហាបណ្តោះអាសន្ន និងរយៈពេលខ្លីតែប៉ុណ្ណោះ។ បន្ទាប់ពីមួយខែពីរខែខាងមុខនេះអ្វីៗនឹងមានភាពប្រក្រតីនិងល្អប្រសើរ ឡើងវិញហើយ។
ដូច្នេះយើងមិនគួរយករឿងនេះមកធ្វើជាបញ្ហាស្មុគស្មាញ រអ៊ូរទាំ ស្តីបន្ទោសគ្នាដោយឥតប្រយោជន៍ និងនាំឲ្យខូចអារម្មណ៍នោះឡើយ។ និយាយតាមត្រង់ មិនត្រឹមតែមិនខ្ចីរអ៊ូទេ ប៉ុន្តែខ្ញុំបានឆ្លៀតយកឱកាស ពេលដាច់ភ្លើងម្តងៗមកធ្វើជាវិញ្ញាសាដើម្បីពង្រឹងស្មារតីរបស់កូនៗរបស់ខ្ញុំថែមទៀត។ ឧទាហរណ៍ នៅពេលដែលកូនខ្ញុំរអ៊ូថា ពិបាកទ្រាំព្រោះក្តៅស្អុះស្អាប់ពេក ខ្ញុំតែងតែប្រាប់ពួកគេថា បើកូនទ្រាំបញ្ហាតូចតាចប៉ុណ្ណឹងមិនបាន កូនក៏មិនអាចសម្រេចកិច្ចការអ្វីធំដុំបានទៅថ្ងៃមុខបានទេ ពីព្រោះក្នុងជីវិតរបស់កូននេះ នឹងជួបប្រទះបញ្ហាធំៗជាងនេះឆ្ងាយណាស់។ ដាច់ភ្លើង កូនមានអារម្មណ៍ក្តៅស្អុះស្អាប់បន្តិចមែន ប៉ុន្តែកូនមានសំណាងជាងពុកកាលពីក្មេងឆ្ងាយណាស់ ពីព្រោះកូនមានអាហារហូបចុកពោរពាស កូនមានសាលារៀន កូនមានសម្លៀបកំពាក់ល្អ កូនមានមធ្យោបាយធ្វើដំណើរស្រួល កូនមិនខ្វល់ពីរឿងរត់ចូលត្រង់សេ មិនខ្វល់ពីខ្វះបាយហូប ដូចកាលពីជំនាន់ពុកនៅក្មេងឡើយ។
ដូច្នេះគ្រាន់តែដាច់ភ្លើងប៉ុន្មានម៉ោងកុំរអ៊ូឲ្យសោះ។ ផ្ទុយទៅវិញកូនត្រូវតែជំនៈបញ្ហាតូចតាចនេះឲ្យបានដើម្បីឈានទៅសម្រេចកិច្ចការធំ និងក្លាយជាមនុស្សរឹងមាំទៅថ្ងៃអនាគត។ សូមកុំភ្លេចថា សម័យនេះមិនថាតែក្មេងៗទេ សូម្បីមនុស្សចាស់មួយចំនួនក៏បាត់បង់ការអត់ធ្មត់ ការតស៊ូ ភ្លេចអតីតកាលរបស់ខ្លួនដោយសារតែពួកគេរស់នៅស្រួលពេក។
ដូច្នេះក្នុងនាមជាឪពុកម្តាយ យើងគួរធ្វើជាគំរូដល់កូន។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់មានឪពុកម្តាយខ្លះបែរជារអ៊ូមុនកូន រអ៊ូនៅក្នុងផ្ទះមិនអស់ចិត្ត ក៏រអ៊ូក្នុងហ្វេសប៊ុកទៀត។
បើតាមយោបល់ខ្ញុំ នេះមិនមែនជាគំរូល្អសម្រាប់កូនឡើយ។ អ្វីដែលខ្ញុំលើកឡើងនេះមិនមែនក្នុងបំណងជួយការពាររដ្ឋាភិបាលទេ ប៉ុន្តែ ខ្ញុំចង់ចែករម្លែកគំនិតនេះដោយសារខ្ញុំធ្លាប់បានអានសៀវភៅ និងឯកសារជាច្រើនអំពីប្រវត្តិតស៊ូកសាងប្រទេសរបស់ជនតិជប៉ុន និងកូរ៉េ ក្រោយសង្គ្រាមលោកលើកទី២។
ប្រជាជាតិទាំងពីរនេះខិតខំតស៊ូលំបាកគ្រប់បែបយ៉ាង និងធ្វើការខ្លាំង ហើយអត់ធ្មត់ណាស់ទម្រាំកសាងប្រទេសបានដូចសព្វថ្ងៃ។ ក្នុងន័យនេះខ្ញុំចង់ឲ្យខ្មែរយើង យកគំរូតាមជនជាតិជប៉ុន និងកូរ៉េដើម្បីកសាងប្រទេស និងក្រុមគ្រួសាររបស់យើងឲ្យបានរឹងមាំ។ ប្រសិនបើគ្រាន់តែដាច់ភ្លើងបន្តិចបន្តួច នាំគ្នារអ៊ូរទាំយ៉ាងនេះ យើងកំពុងតែបង្ហាញភាពទន់ខ្សោយរបស់យើងខ្លាំងណាស់នៅចំពោះមុខកូនចៅយើងជំនាន់ក្រោយ។
បញ្ហាយើងបានដឹងទាំងអស់គ្នា រីឯដំណោះស្រាយក៏យើងបានដឹងទាំងអស់គ្នាដែរ។ ដូច្នេះតើយើងនាំគ្នាអង្គុយរអ៊ូបានការអីទៅ? ខ្មែរយើងធ្លាប់កំសត់កម្រណាស់! តែពេលនេះយើងបានសុខស្រួលហើយម្តេចឡើយបញ្ហាបន្តិចបន្តួចទ្រាំមិនបាន? ដូច្នេះបើយើងស្រមៃចង់ឃើញប្រទេសយើងដូចប្រទេសជប៉ុន និងកូរ៉េ ឬលើសនេះ យើងមិនគួរនាំគ្នាពាក់មុខយក្សដោយសារតែរឿងកំប៉ិកកំប៉ុក ដូចជាដាច់ភ្លើងប៉ុន្មានម៉ោងក្នុងមួយថ្ងៃនោះឡើយ!
គួរពុំគួរសូមបងប្អូនទាំងអស់គ្នាយោគយល់ដល់ខ្ញុំផង។
ពី៖ ពលរដ្ឋអ្នកភ្នំពេញម្នាក់