(ភ្នំពេញ)៖ ដើម្បីឆ្លើយតបចំពោះការកើនឡើងកម្តៅនៅក្នុងប្រទេស ដោយសារតែកម្ពុជាបន្តទទួលរងឥទ្ធិពលនៃបាតុភូត អ៊ែល នីណូ (El Nino)នោះ ក្រសួងការងារ និងបន្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ ម្ចាស់រោងចក្រ សហគ្រាស់ កម្មករ និយោជិត អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំក្រសួងពាក់ព័ន្ធ។
សេចក្តីអំពាវនាវរបស់ក្រសួងការងារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ បានបញ្ជាក់ថា ដោយសារប្រទេសកម្ពុជា នៅបន្តទទួលរងឥទ្ធិពលនៃបាតុភូត អ៊ែល នីណូ (El Nino) ដែលធ្វើឱ្យរដូវប្រាំង
បន្តអូសបន្លាយរហូតដល់ពាក់កណ្តាលខែឧសភា និងអាកាសធាតុនៅបន្តក្តៅខ្លាំង ក្រសួងសូមអំពាវនាវដល់
បងប្អូនកម្មករនិយោជិត ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន មេត្តាយកចិត្តទុកដាក់ដូចខាងក្រោម៖
* ក៖ ចំពោះបងប្អូនកម្មករនិយោជិត សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារនៃសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការជំងឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ដូចជា៖
១៖ បង្កើនការទទួលទានទឹកឆ្អិនឱ្យបានច្រើន និងញឹកញាប់តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកនោះទេ។
២៖ កុំពិសាវត្ថុរាវដែលមានជាតិអាល់កុល ឬជាតិស្ករច្រើន ពីព្រោះសារធាតុទាំងនោះធ្វើឱ្យបាត់បង់ជាតិទឹកកាន់តែច្រើន។
៣៖ ចៀសវាងពិសាភេសជ្ជៈដែលត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឱ្យរមូលក្រពះ។
៤៖ ជៀសវាងពិសាអាហារក្តៅៗ និងពិសាអាហារច្រើនពេក ពីព្រោះវាបង្កើនកំដៅដល់រាងកាយ។
៥៖ កាត់បន្ថយការប៉ះពាល់នឹងកំដៅព្រះអាទិត្យផ្ទាល់ ជាពិសេសក្នុងអំឡុងពេលថ្ងៃ និងកន្លែងដែលប្រឈមនឹងកំដៅខ្លាំង។ ប្រសិនបើ ត្រូវចេញទៅខាងក្រៅ សូមពាក់មួកហាមវែងៗ ឬប្រើឆ័ត្រ និងលាបឡេការពារកំដៅថ្ងៃ (បើអាចធ្វើទៅបាន)។
៦៖ ស្លៀកពាក់សម្លៀកបំពាក់ស្តើងៗ ឬមានព័ណ៌ស្រាលនិងរលុង ។
៧៖ ត្រូវប្រកាន់អនាម័យជាប់ជានិច្ច ដូចជា លាងដៃជាមួយសាប៊ូ ក្រោយពេលចេញពីបង្គន់អនាម័យ និង
មុនពេលនិងក្រោយពេលទទួលទានអាហារ។
* ខ៖ ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន សូមអនុវត្តនូវវិធានការទាំង ១១ចំណុច ដូចមានចែងក្នុង
សេចក្តីជូនដំណឹងលេខ០០៤/១៩កប/ស.ជ.ណ.ព.ក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា កម្មករនិយោជិត ម្ចាស់ និង
នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ នឹងអនុវត្តបានត្រឹមត្រូវតាមសេចក្តីអំពាវនាវនេះ ប្រកបដោយប្រសិទ្ធ
ភាពខ្ពស់៕
ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់ក្រសួងការងារ៖