(ប៉េកាំង-ចិន)៖ តបតាមការអញ្ជើញរបស់ស្ថានទូតចិនប្រចាំកម្ពុជា លេខាធិការដ្ឋានៃគណៈកម្មការរៀបចំវេទិកា នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងរដ្ឋបាលសារពើពន្ធ នៃសាធារណរដ្ឋប្រជាមានិតចិន, គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារដឹកនាំដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ នៃវេទិកាស្តីពីការតភ្ជាប់ពាណិជ្ជកម្ម (Thematic Forum on Trade Connectivity) ក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ លើកទី២ (The 2nd Belt and Road Initiative) ដែលប្រព្រឹត្តទៅនៅ China National Convention Center រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នៅខណៈពេលស្របគ្នាជាមួយនឹងកិច្ចប្រជុំខាងលើនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៍នឹងត្រូវដឹកនាំឥស្សរជនជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ លើកទី២ (The 2nd Belt and Road Initiative) ដោយក្នុងនោះ ហើយដែលក្នុងនោះនឹងមាន Sub-Forum ចំនួន១២ ក្នុងការជំរុញនូវធ្វើឱ្យប្រសើរឡើងនូវ គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហរញ្ញវត្ថុ កិច្ចទំនាក់ទំនងអន្តរជាតិ គំនិតផ្តួចផ្តើម ផ្លូវសូត្រ ផ្លូវសូត្រឌីជីថល ផ្លូវសូត្របៃតង ផ្លូវសូត្រនៃនវានុវត្ត កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ក្នុងចំណោម Sub-Forum (ឬ Thematic Forum) ទាំង ១២ ដ៏មានសារៈសំខាន់នេះ គឺមានវេទិកាស្តីពីការតភ្ជាប់ពាណិជ្ជកម្ម (Thematic Forum on Trade Connectivity) គឺជា Thematic Forum រៀបចំដោយក្រសួងពាណិជ្ជកម្ម រដ្ឋបាលសារពើពន្ធ និង រដ្ឋបាលគយ នៃសារធារណៈរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរដ្ឋបាលសារពើពន្ធមកពីប្រទេសចំនួន៨២ និងអង្គការស្ថាប័នអន្តរជាតិចំនួន ១២ ចូលរួមផងដែរ។

វេទិកាទាំងមូលបានពិភាក្សាលើ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដោយ បើកចំហរ បរិយាប័ន្ន និងនវានុវត្តខ្ពស់» ដោយមានបែងចែកជាក្រុមពិភាក្សា៣ដែលក្នុងនោះ៖

ទី១៖ ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពហុភាគី និងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សម្រាប់ការបើកចំហរនិងសមាហរណកម្ម។
ទី២៖ រៀបចំនូវគំរូថ្មីនៃពាណិជ្ជកម្មឈានឆ្ពោះ ទៅកំណើនដោយផ្តោតលើនវានុវត្ត។
ទី៣៖ បង្កើនបរិយាកាសធុរកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំ Thematic Forum នេះ ទិដ្ឋភាពពន្ធដារត្រូវបាន ចាត់ទុកថាជាកិច្ចការស្នូលដ៏សំខាន់មួយ ក្នុងការសម្រួល និងជំរុញការតភ្ជាប់ពាណិជ្ជកម្ម ដែលក្នុងន័យនេះការពង្រឹងអនុលោមភាពសារពើពន្ធ ការធ្វើឱ្យប្រសើរឡើងនូវសេវាជូនអ្នកជាប់ពន្ធ និងឌីជីថលភាវូនីយកម្មពន្ធដារ (Digitalization of Tax Administration) ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកែទម្រង់ និងធ្វើអោយប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងធានាបាននូវចីរភាពកំណើនចំណូលពន្ធ។

ជាទស្សនទាន និងចក្ខុវិស័យរួម ប្រទេសទាំងឡាយក្នុងក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នឹងជំរុញការអនុវត្តនូវកិច្ចសហប្រតិបត្តិការពន្ធដារ ក្នុងក្របខណ្ឌ BRITACOM តាមរយៈស្មារតីនៃ សេចក្តីសម្រេចរួម Wuzhen Statement និងផែនការយុទ្ធសាស្ត្រ Wuzhen Action Plan ដែលបានសម្រេចកាលពីកិច្ចប្រជុំ BRITACOF លើកទី១ ដែលបានរៀបចំនៅទីក្រុង Wuzhen ខេត្តជីជាំង សាធារណៈរដ្ឋប្រជាមានិតចិន កាលើពីថ្ងៃទី១៨-២០ ខែមេសា កន្លងទៅថ្មីៗនេះ។

លោក គង់ វិបុល បានបញ្ជាក់ថាបន្ថែមថា ការចូលរួមជាសមាជិកនៃ BRITACOM កន្លងមកគឺមិនត្រឹមតែពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ លើកិច្ចការពន្ធដាររបស់កម្ពុជា ក្នុងឆាកអន្តរជាតិបុណ្ណោះទេ ហើយថែមទាំងបានធ្វើឱ្យប្រទេសនានា បានស្គាល់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្បាស់បន្ថែមទៀត ក្នុងនាមជាដៃគូស្មើរមុខ ស្មើរមាត់នឹងប្រទេសនានា។

នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ដដែលនេះផងដែរលោក គង់ វិបុល បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Jun រដ្ឋមន្ត្រីនៃរដ្ឋបាលសារពើពន្ធ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ នឹងរដ្ឋបាលសារពើពន្ធរបស់ប្រទេសរុស្សី ហូឡង់ កាហ្សាក់ស្ថាន អូទ្រីស ប៉ូឡូញ និង កាជីគីស្ថាន ព្រមទាំងស្ថាប័ន IBFD (International Bureau for Fiscal Documentation) ផងដែរ នៅឯទីស្នាក់ការកណ្ដាលនៃរដ្ឋបាលសារពើពន្ធ របស់សាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង។

នាថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ នៅ China National Convention Center រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក៏មានការរៀបចំពីធីបើកជាផ្លូវការ នៃវេទិកាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ លើកទី២ (The 2nd Belt and Road Initiative) ដែលទទួលធ្វើជាម្ចាស់ផ្ទះដោយ លោក ស៊ី ជីន ពីង ប្រធានាធិបតីចិន ដោយមានការចូលរួមពីសំណាក់វត្តមានរបស់ថ្នាក់ដឹកនាំ ប្រមុខរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកំពូលៗ ចំនួន ៤០ប្រទេស ក្នុងនោះក៍មានឃើញនូវវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា អមដំណើរដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំឥស្សរជនជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានពន្ធដារ និងឥស្សរជនសំខាន់ៗមកពីជាង១៥០ប្រទេស និងអង្គការស្ថាប័នអន្តរជាតិចំនួន ២៩ សរុបប្រមាណជាង ៥០០០នាក់ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមស្តាប់ នូវសន្ទរកថាគន្លឺះរបស់ លោក ស៊ី ជីន ពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន និងរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសមួយចំនួនផ្សេងទៀត ក្នុងនោះក៏មាននូវការថ្លែងសន្ទរកថាគន្លឹះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃផងដែរ។

សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ការចូលរួមស្តាប់នូវសុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់នូវទស្សនទាន និងចក្ខុវិស័យជំហរកិច្ចសហប្រតិបត្តិការ របស់រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងពិសេសចក្ខុវិស័យរបស់សម្តេចតេជោ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តនូវកិច្ចសហប្រតិបត្តិការ លើការងារពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យបានប្រកបដោយប្រសិទ្ធភាព ស័ក្តសិទ្ធិភាព និងគ្រប់ជ្រុងជ្រោយ៕