(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដើម្បីស្រាវជ្រាវ និងស្វែងរកគ្រួសារក្រីក្រ និងមានកូនស្រីមានជំងឺធ្ងន់ធ្ងរ នៅស្រុកស្ទឹងត្រែង ដែលចែកចាយក្នុងបណ្ដាសង្គម ដើម្បីយកអំណោយប្រគល់ជូន និងជួយព្យាបាលជំងឺ។

ក្រោយទទួលបានបទបញ្ជានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានចាត់ឲ្យលោកវរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំកម្លាំងចំនួន៨នាក់ ចុះស្រាវជ្រាវភ្លាមៗដើម្បីយកអំណោយប្រគល់ជូន និងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែង ដើម្បីព្យាបាលជំងឺជូនជនរងគ្រោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានចែកចាយនៅក្នុងបណ្ដាញសង្គម Facebook ថាមានគ្រួសារមួយមានជីវភាពក្រីក្រ ហើយមានកូនស្រីអាយុ១៥ឆ្នាំម្នាក់ ចេញអុតស្វាយក្រាប ដែលគេហៅថាអុតស្វាយផ្កាប់មុខ និងជំងឺក្រពះពោះវៀន យ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយនាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ឲ្យលោកស្រាវជ្រាវរកគ្រួសារខាងលើ ដើម្បីយកអំណោយប្រគល់ជូន និងជួយសង្គ្រោះផងដែរ។

គ្រួសារនេះរស់នៅភូមិខាំផាន់ ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ពិតជាមានជីវភាពក្រីក្រលំបាកប្រាកដមែន ហើយស្ដ្រីជាម្ដាយទើបតែនឹងកូនខ្ចីបាន៤ខែ។ លើសពីនេះ គេសង្កេតឃើញថាក្រុមមន្ដ្រីអាវុធហត្ថ បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការព្យាបាល ហើយក្រុមគ្រូពេទ្យបានសន្យាថា នឹងព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុតដើម្បីឲ្យឆាប់ជាសះស្បើយឡើងវិញ។

អំណោយរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលត្រូវបានប្រគល់ជូន ក្រីក្រជួបការលំបាក និងកូនស្រីម្នាក់មានជំងឺធ្ងន់ធ្ងរ រួមមាន សារ៉ុង០១, មុង០១, ភួយ០១, ទឹកដោះគោ០៥កំប៉ុង, ទឹកត្រី១០ដប, ទឹកបរិសុទ្ធ០៥យួរ, អង្ករ៥០គីទ្បូក្រាម និងថវិកាចំនួន១ ,០០០,០០០រៀល។

ព្រមពេលជាមួយគ្នានេះ ក្រុមគ្រួសារខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានជួយសង្គ្រោះពួកគាត់ដែលកំពុងជួបលំបាកយ៉ាងខ្លាំង៕