(ភ្នំពេញ)៖ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការ នៅមុខអគារមន្ទីរពហុព្យាបាលដ៏ទំនើបរបស់ខ្លួន ដែលមានទីតាំងនៅអគារលេខ៩អា ផ្លូវលេខ៤៣០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល, លោក MICHAEL TAN ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា និងលោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានវិវឌ្ឍន៍ខ្លួនពីគ្លីនិកតូចមួយ មានឈ្មោះថា សុខា ដែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ២០១៥ មកម្លេះ។
ដោយមានការគាំទ្រចំពោះគុណភាព នៃការព្យាបាលក្នុងរយៈពេលបួនឆ្នាំកន្លងមក និងដោយមើលឃើញពី តម្រូវការសេវាកម្មព្យាបាលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់ ភាទុនិកដែលរួមមាន លោកស្រី គួន ធីតា លោកស្រី គ្រី វួចឆូន និងវេជ្ជបណ្ឌិតពីររូបទៀត បានសម្រេចចិត្តពង្រីកវិសាលភាព និងសេវាកម្មពីគ្លីនិកតូចមួយ ទៅជាមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។
មន្ទីរពហុព្យាបាល អរៀនដា បានបើកដំណើរការសាកល្បងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលមកដល់ត្រីមាសទី១ ឆ្នាំ២០១៩ មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិត ដែលកំពុងបម្រើការចំនួន២៨នាក់ និងបុគ្គលិកសរុបចំនួន៨១នាក់។
ការធ្វើបច្ចុប្បន្នភាពនេះ បានធ្វើឲ្យមន្ទីពេទ្យមួយនេះ ក្លាយជាស្ថាប័នសុខាភិបាលឯកជនមួយ ដែលផ្តល់នូវសេវាកម្មផ្នែកវេជ្ជសាស្ត្រឈានមុខគេ នៅកម្ពុជា ដែលផ្តល់ការពិនិត្យពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើនដូចជា៖
* ផ្នែកជំងឺលំបាកមានកូន
* សម្ភពរោគស្ត្រី
* ជំងឺកុមារ
* ជំងឺទូទៅ
* ជំងឺបេះដូង
* សេវាសង្គ្រោះបន្ទាន់
* សេវាថែទាំអ្នកជំងឺតាមផ្ទះ និងសេវាសង្រ្គោះបន្ទាន់ តាមយន្តហោះពិសេស២៤ម៉ោង ដែលរាល់សេវាកម្មទាំងអស់ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកជំងឺនាពេលបច្ចុប្បន្ន។
មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតល្បីៗ ដែលកំពុងបម្រើការក្នុងស្ថាបនជាតិ និងអន្តរជាតិ ដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ រួមផ្សំជាមួយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ នាំចូលពីបរទេស បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាល និងបន្ទប់សំរាក ត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្ត្របរទេស ដើម្បីផ្ដល់ជូននូវផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ។
ថ្លែងក្នុងពិធីនោះ លោកស្រី គួន ធីតា អគ្គនាយិកាមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានលើកឡើងថា ការសម្រេចចិត្តបង្កើត មន្ទីរពហុព្យាបាល និងសម្ភព អរៀនដានេះឡើង ដោយមានចក្ខុវិស័យ ចូលរួមកាត់បន្ថយ អត្រាអ្នកជំងឺកម្ពុជា ដែលចេញទៅស្វែងរកសេវាសុខាភិបាលក្រៅប្រទេស និងពង្រឹងគុណភាពសេវាកម្មព្យាបាលក្នុងប្រទេស ឲ្យដូចបណ្តាប្រទេសជឿនលឿននានាក្នុងតំបន់ និងក្នុងសកលលោក។
លោកស្រី គួន ធីតា បានបញ្ជាក់ថា បេសកកម្មរបស់មន្ទីរពហុព្យាបាល អរៀនដា គឺធានាផ្តល់សេវាកម្មព្យាបាល ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងមានតំលៃសមរម្យ ដែលស្របទៅតាមកម្រិត ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្រៅពីការសម្ពោធជាផ្លូវការ ក៏មានការចុះអនុស្សារណយោគយល់ ភាពជាដៃគូសហប្រតិបត្តិការរវាង មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា និងស្ថាបនសុខាភិបាលឯកជនសឹង្ហបុរី CORNERSTONE ASIA HEALTH ដែលជាស្ថាបនសុខាភិបាលឯកជនមួយ មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ដែលផ្តល់ជូននូវសេវាថែទាំសុខភាព និងព្យាបាល ស្របទៅតាមតម្រូវការរបស់អ្នកជំងឺប្រកបដោយគុណភាព និងប្រសិទិ្ធភាពខ្ពស់ផងដែរ៕