(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ កំពុងអភិវឌ្ឍន៍ខ្លួនលឿនទៅមុខ ដោយកែប្រែពីដីបឹងលិចទឹក មកជាតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធលូ បណ្តាញអគ្គិសនីខ្វែងខ្វាត់ និងអគារសំណង់រីកដុះដាលឡើង ជួយលើកសម្រស់រាជធានីភ្នំពេញបេះដូងកម្ពុជា។
បន្ទាប់ពីទទួលបានសិទ្ធិក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារពីរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០១១ រួចមក ក្រុមហ៊ុន OCIC បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត ធ្វើឲ្យយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ច្រើនពីការអភិវឌ្ឍន៍នេះ និងមិនឲ្យពលរដ្ឋទឹកភ្នែកនោះឡើយ។
អាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍ បានប្រើប្រាស់គោលនយោបាយដោះស្រាយ ផលប៉ះពាល់ដោយការទទួលយកថវិកា, ការប្តូរយកជាផ្ទះ និងតូបផ្សារក្នុងបុរីរុងរឿង, ការទទួលដី១០ភាគរយ និងការឃ្វៀលភូមិចាស់ចេញ។ សម្រាប់ដំណោះស្រាយផលប៉ះពាល់ គឺបានដោះស្រាយរួចរាល់ស្ទើរទាំងស្រុងហើយ សល់តែតិចតួចទៀតប៉ុណ្ណោះ។
គោលនយោបាយដោះដូរផ្ទះចាស់យកផ្ទះថ្មីក្នុងបុរីរុងរឿង គឺជាគោលនយោបាយដោះស្រាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយពេញចិត្តនឹងទទួលយកដោយក្តីរីករាយ និងពេញចិត្តបំផុត ព្រោះតែបានផ្លាស់ប្តូរពលរដ្ឋរស់នៅតំបន់អណាធិបតេយ្យ គ្មានរបៀបរៀបរយ មានផ្ទះតូចៗលិចទឹក មករស់នៅផ្ទះថ្មក្នុងបុរីរុងរឿង ដ៏ស្រស់ស្អាត។
រហូតមកដល់ពេលនេះ ពលរដ្ឋ ៣៣៩គ្រួសារហើយ ដែលទទួលយកគោលនយោបាយដោះដូរផ្ទះនេះ។ ប្រជាពលរដ្ឋទាំងនោះ ពួកគាត់បានប្រៀបធៀបការរស់នៅរបស់គាត់ពីមុន និងពេលបច្ចុប្បន្ន ដែលរស់នៅក្នុងបុរីរុងរឿងនេះ គឺខុសគ្នាដូចមេឃ និងដី។ ខុសគ្នាត្រង់ថា ពីមុនពួកគាត់រស់នៅដោយក្តីបារម្ភពីសុវត្ថិភាព សុន្តិសុខ បញ្ហាសុខភាព មករស់នៅផ្ទះថ្មី ដែលមានផាសុភាព សណ្តាប់ធ្នាប់ល្អ មានអនាម័យ ដែលធ្វើឲ្យជីវភាពពួកគាត់ធូរធាជាងមុន។ ថែមទាំងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ យកចិត្តទុកដាក់ដោយផ្តល់អំណោយជាប្រចាំ រាល់ពេលចូលឆ្នាំខ្មែរ ចូលឆ្នាំចិន និងភ្ជុំបិណ្ឌ។
លោក កៅ សុផានី អាយុ៦២ឆ្នាំ អតីតអ្នករស់នៅក្នុងសហគមន៍ដីមាស ដែលធ្លាប់តែរកនៅលើទឹកសំអុយ ហើយត្រូវបានអាជ្ញាធរ និងក្រុមហ៊ុន OCIC ដោះដូរឲ្យមករស់នៅក្នុងបុរីរុងរឿង បាននិយាយថា «ខ្ញុំមករស់នៅបុរីរុងរឿងនេះ ស្រួលជាងពីមុនឆ្ងាយណាស់ ដែលពីមុខរស់នៅពិបាកសព្វគ្រប់ទាំងអស់ តែពេលនេះ គឺរស់នៅស្រួលណាស់ ជាពិសេសមានការធ្វើថែមទៀត ដែលក្រុមហ៊ុនជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើថែមទៀត»។
អ្នកស្រី ជិម អូន អតីតប្រជាពលរដ្ឋដែលដោះដូរមកនៅបុរីរុងរឿង និយាយស្រដៀងគ្នានឹងលោក កៅ ផានី ថា «ខ្ញុំឥឡូវនេះរស់នៅស្រួលណាស់មិនដូចនៅសហគមន៍ដីមាស លិចទឹកដូចពីមុនទេ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានមករស់នៅក្នុងបុរីរុងរឿងនេះ ដោយសុខសប្បាយ មិនមានភ័យភិតអ្វីទេ»។
អ្នកស្រី សុខ ស្រីស្រស់ អាយុ៣៨ឆ្នាំ ដែលបានដោះដូរលំនៅឋានមករស់នៅក្នុងបុរីរុងរឿង បាននិយាយថា «ខុសគ្នាច្រើនណាស់ពីការរស់នៅកន្លែងមុន និងបច្ចុប្បន្ន ។ យើងមានផ្ទះល្អនៅ មានជីវភាពធូរធាជាងមុន ថែមទាំងទទួលបានការយកចិត្តដាក់ជាពិសេស ពីក្រុមហ៊ុន OCIC ថែមទៀត»។
ថ្លែងក្នុងឱកាសចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅក្នុងបុរីរុងរឿង អ្នកឧកញ៉ា ពង់ ឃាវសែ បានអះអាងថា លោកនឹងយកប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត មករស់នៅក្នុងបុរីរុងរឿងធ្វើជាគំរូមួយ សម្រាប់កម្ពុជា ដែលឲ្យអ្នករស់នៅក្នុងបុរីរុងរឿងមានជីវភាពកាន់តែប្រសើរឡើង។ ហើយលោកជឿជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីរុងនឹងល្អជាង ពលរដ្ឋដែលសម្រេចចិត្តចាកចេញពីបុរីរុងរឿង។
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា «យើងទាំងអស់ បានដោះស្រាយ សរុប៣៣៩គ្រួសារ...ក្នុង៣៣៩គ្រួសារនេះ មាន១២០គ្រួសារ បានចាកចេញពីបុរីរុងរឿង ទៅនៅកន្លែងផ្សេងវិញ ហើយយើងបានផ្ដាំទៅអ្នកជំនាញព័ត៌មាន ធ្វើការស្រាវជ្រាវថាតើ បងប្អូន ដែលចាកចេញពីបុរីរុងរឿងទៅក្រៅ ១២០គ្រួសារនេះ ជីវភាពយ៉ាងម្ដេច? ប្រៀបធៀបទៅជាមួយបងប្អូន ដែលសល់នៅក្នុងបុរីរុងរឿង គឺ២១៩គ្រួសារ ដែលនៅក្នុងបុរីរុងរឿងនេះ ជាលទ្ធផលមក ជាទូទៅគឺមានជីវភាពល្អជាងអ្នកដែលចាកចេញពីកន្លែងនេះ»។
អ្នកឧកញ៉ា ពុង ឃាវសែ បានបង្ហាញនូវភាពជឿជាក់ថា បុរីរុងរឿង គឺជាគំរូមួយយ៉ាងល្អ នៅក្នុងប្រទេសកម្ពុជា ដែលអភិវឌ្ឍន៍គម្រោងការ ដោយមានការយកចិត្តទុកដាក់ និងយល់ការលំបាក របស់ប្រជាពលរដ្ឋ មានការអនុគ្រោះ, មានការយកចិត្តទុកដាក់ និងមានការថែរក្សា ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីរុងរឿង មានជីវភាពកាន់តែប្រសើរឡើង។
អគ្គនាយកក្រុមហ៊ុន OCIC បានថ្លែងថា «ខ្ញុំជឿថា បុរីរុងរឿង គឺជាគំរូមួយយ៉ាងល្អ នៅក្នុងព្រះរាជណាចក្រកម្ពុជា ដែលជាអ្នកអភិវឌ្ឍន៍គម្រោងការ គឺមានការយកចិត្តទុកដាក់ និងរងទុក្ខរបស់ប្រជាជន ដើម្បីឲ្យធ្វើជាគំរូមួយ គឺថាយើងមានការអនុគ្រោះ ហើយយើងមានការយកចិត្ដទុកដាក់ និងយើងមានការថែរក្សារបស់យើង ដើម្បីឲ្យចូលក្នុងបុរីរុងរឿង គឺជាអ្នកអាចផ្ដាំផ្ញើអនាគតនៅក្នុងបុរីរុងរឿងបាន»។
សូមជម្រាបថា ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ OCIC ធ្វើការដោះដូរផ្ទះជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់អាណាធិបតេយ្យ គ្មានរបៀបរាបរយចំនួន៥លើករួចមកហើយ ដែលមានប្រជាពលរដ្ឋបានចំនួន៣៣៩គ្រួសារហើយ ដែលក្នុងនោះមានពលរដ្ឋមកពីភូមិស្វាយជួរចំនួន១៦៤គ្រួសារ ប្រជាពលរដ្ឋសហគមន៍ដីមាសចំនួន១៤៧គ្រួសារ និងប្រជាពលរដ្ឋភូមិដើមគរ ចំនួន២៨គ្រួសារ។
បន្ថែមពីលើការដោះដូរផ្ទះជូន ប្រជាពលរដ្ឋហើយនោះ ក្រុមហ៊ុនក៏មិនបានទុកពួកគាត់ចោលដែរ គឺនៅយកចិត្តទុកដាក់ជាប្រចាំ និងផ្តល់ជូនអំណោយទៀតទាត់ រៀងរាល់ឆ្នាំមិនខកខានឡើយ។ ការដោះស្រាយផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍បែបនេះរបស់ក្រុមហ៊ុន OCIC ត្រូវបានធ្វើឡើង ចំពោះប្រជាពលរដ្ឋជាច្រើនរយគ្រួសារមកហើយ ដោយពួកគាត់សុទ្ធតែទទួល យកដោយក្តីរីករាយពេញចិត្តគ្រប់ៗគ្នា ដោយពលរដ្ឋខ្លះ មានផ្ទះឈើត្រឹម ២ម៉ែត្រ គុណ ២ម៉ែត្រ ឬ៣ម៉ែត្រ បានមករស់នៅផ្ទះល្វែង ក្នុងបុរីយ៉ាងស្រស់ស្អាត៕