(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានចាត់ឲ្យកម្លាំងប្រជាការពារនាំយករថយន្ដពន្លត់អគ្គិភ័យ ដើម្បីដឹកទឹកទៅបាញ់ស្រោចស្របតាមទីធ្លា និងដំបូលសាលាបឋមសិក្សាច្រាំងចំរេះ និងសាលាបឋមសិក្សាឫស្សីកែវ ក្នុងការកាត់បន្ថយកម្ដៅកំពុងឡើងខ្លាំង ជូនលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស កំពុងសិក្សារៀនសូត្រ ដែលជាការឆ្លើយតបតាមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
បើតាមលោក ជា ពិសី បន្ទាប់ពីមានការណែនាំពីអភិបាលរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយកម្ដៅដែលប្រែប្រួលដោយអាកាសធាតុឡើងកំដៅខ្លាំង និងអាចបណ្ដាលឲ្យកើតមានជំងឺដង្កាត់ផ្សេងៗ ជាយថាហេតុ ចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលកំពុងបន្តសិក្សារៀនសូត្រនៅសាលាបឋមសិក្សាច្រាំងចំរេះ និងសាលាបឋមសិក្សាឫស្សីកែវ។
ហេតុដូច្នេះហើយ ទើបមានវិធានការនាំយករថយន្ដពន្លត់អគ្គិភ័យ ដឹកទឹកទៅបាញ់ស្រោចស្របតាមទីធ្លា និងដំបូលសាលាបឋមសិក្សាច្រាំងចំរេះ និងសាលាបឋមសិក្សាឫស្សីកែវ ដើម្បីឲ្យទទួលបានភាពត្រជាក់ខ្លះៗមកវិញ ទៅតាមលទ្ធភាពធ្វើទៅបាន៕