(ប៉េកាំង, ចិន)៖ ក្នុងដំណើរអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ»លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះមួយនៅក្នុងវេទិកាស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ។

នៅចំពោះមុខថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធរបស់ចិន និងបណ្តាប្រទេសសមាជិក និងដៃគូជាង១០០ប្រទេសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងគូសរំលេច និងកោតសរសើរជាខ្លាំងពីតួនាទីរបស់ប្រទេសចិន ក្នុងការរួមចំណែកកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិកទាំងក្នុងតំបន់ និងលើពិភពលោក។

ក្នុងសុន្ទរកថានោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល គូសរំលេចពីសុភាសិតចិន «ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន ចូរកសាងផ្លូវជាមុនសិន» និងសុភាសិតខ្មែរ «មានផ្លូវ គឺមានក្តីសង្ឃឹម» ដែលសុភាសិតទាំងពីរបានផ្តល់តម្លៃខ្ពស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដែលគាំទ្រដោយប្រទេសចិន គឺជាលើកកម្ពស់ទាំងការតភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ការអភិវឌ្ឍនេះធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់ដល់កម្ពុជា និងបណ្តាប្រទេសដែលចូលរួមផ្សេងទៀត ហើយកម្ពុជាមានមោទនភាពដែលបានក្លាយជាសមាជិកស្ថាបនិកធនាគារ AIIB ជាអ្នកគាំទ្រ និងជាអ្នកទទួលផលពីគំនិតផ្តួចផ្តើមនេះ។

ក្នុងសុន្ទរកថានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកសរសើរពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីងផងដែរ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះថា «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវគឺជាដំណើរវិជ្ជមានថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេសដោយផ្អែកលើការសន្ទនាគ្នាជាសជាងការប្រឈមមុខដាក់គ្នា។ កម្ពុជាគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់ និងពហុភាគី និងទទួលយកសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានតម្លាភាព មិនរើសអើង រួមបញ្ចូលគ្នា និងមានតុល្យភាព។ កម្ពុជាបានទទួលលទ្ធផលជាក់ស្តែងពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទម្រង់នៃប្រាក់កម្ចីសម្បទានពីប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដទៃទៀត»

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ជាមួយនឹងប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណងពីប្រទេសចិន កម្ពុជាបានសាងសង់ផ្លូវមានប្រវែងជាង ៣,០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន៨ និងកំពង់ផែទន្លេមេគង្គមួយ។

តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» កម្ពុជាបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុក្រោមប្រភេទវិនិយោគ BOT (កសាង ប្រតិបត្តិ ផ្ទេរ) ក្នុងរង្វង់ទឹកប្រាក់ប្រមាណពីរពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងការវិនិយោគមួយក្នុងចំណោមការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតទាំងឡាយនាពេលថ្មីៗនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងការកោតសរសើរដល់ប្រជាជនចិន ដោយលើកឡើងថា ប្រទេសចិនមិននិយាយសំដីឥតប្រយោជន៍ ប៉ុន្តែមានស្មារតីសហការល្អជាមួយបណ្តាប្រទេសនានាដើម្បីគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង ដែលនាំមកនូវភាពរុងរឿងដោយផ្អែកលើគោលការណ៍សកល។

លោកទេសរដ្ឋមន្រ្តីបានបញ្ចប់សុន្ទរកថា តាមរយៈការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្តល់ការគាំទ្រនិងជំនួយសប្បុរសធម៌ចំពោះកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕