(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីមន្ទីរពាក់ព័ន្ធ ចុះពិនិត្យផ្លូវក្រួសក្រហម២ខ្សែ ពោលគឺមួយខ្សែនៅស្រុកជើងព្រៃ និងមួយខ្សែតភ្ជាប់ទៅស្រុកបាធាយ ហើយផ្លូវនៅស្រុកជើងព្រៃ នឹងត្រូវស្ថាបនាមុនជាផ្លូវកៅស៊ូ ប្រភេទDBST ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក គួច ចំរើន បានបញ្ជាក់ថា ជំហានទី១៖ ផ្លូវពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ឃុំបឹងជ្រោយ ប្រវែង៦គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ និងចិញ្ចើមសងខាង២ម៉ែត្រ មួយខ្សែនេះ នឹងចាប់ដំណើរការសាងសង់ក្នុងរយៈពេល១០ ឬ១៥ថ្ងៃខាងមុខនេះ។ លោកអភិបាលខេត្ត បានបន្ថែមថា គម្រោងស្ថាបនាផ្លូវនេះ គឺប្រើប្រាស់កញ្ចប់ថវិការបស់ខេត្ត តាមរយៈឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ការគាំទ្រនូវការស្ថាបនាផ្លូវមួយខ្សែនេះ។
ដោយឡែក ជំហានទី២៖ ផ្លូវពីភូមិដូនដុំ ដល់ឃុំផ្អាវ ប្រវែងជាង១១គីទ្បូម៉ែត្រ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ គឺត្រូវបានគាំទ្រដោយធនាគារ ADB ជាគម្រោងរបស់អ័ររីតស្រ៊ី ដែលបានចុះសិក្សារួចហើយ ដែលសង្ឃឹមថាអាចស្ថាបនា ជាផ្លូវក្រាលកៅស៊ូ DBST នៅចុងឆ្នាំ២០១៩នេះ ឬដើមឆ្នាំ២០២០ខាងមុខ។
គូរបញ្ជាក់ផងដែរថា លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម តែងតែយកចិត្តទុកដាក់គិតគូរដល់សុខ និងទុក្ខប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលនៅតាមទីជនបទ ទាក់ទងទៅនឹងការប្រើប្រាស់ទឹកស្អាត, ប្រព័ន្ធអគ្គិសនី និងផ្លូវគមនាគមន៍ជាដើម។ យ៉ាងណាក៏ដោយ បន្ទាប់ពីសមិទ្ធផលខាងលើ ចេញជារូបរាងនោះ សង្ឃឹមថាជីវភាពបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ នឹងមានភាពប្រសើរទ្បើងថែមួយកម្រិតទៀត៕