(អាយុធ្យា-ថៃ)៖ បន្ទាប់ពីចុះពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មផលិតពូជស្រូវ នៅខេត្តលប់ប៊ូរី (គម្រោងរបស់រដ្ឋ) រួចមក នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ, លោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ និងសហការី បានបន្តចុះដកស្រង់បទពិសោធន៍ និងពិនិត្យទីតាំងលក់ស្រូវពូជ របស់ក្រុមហ៊ុន Wichai Rice Seeds (ក្រុមហ៊ុនឯកជន) ស្ថិតនៅក្នុងស្រុកឡាតបួហ្លួង ខេត្តអាយុធ្យា ប្រទេសថៃ។
បើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុនថា ជាគោលការណ៍ការផលិតពូជស្រូវ និងការលក់ពូជ គឺជាគម្រោងរបស់រដ្ឋ ដែលអនុវត្តដោយមជ្ឈមណ្ឌលបណ្តុះពូជស្រូវ របស់ក្រសួងកសិកម្ម និងសហគមន៍។ ប៉ុន្តែការផលិតពូជ របស់មជ្ឈមណ្ឌលមិនអាចអនុវត្ត បានគ្រប់តាមផែនការឡើយ ហេតុនេះរដ្ឋទាមទារឲ្យមានការចូលរួមពីវិស័យឯកជន ក្នុងការផលិតពូជសុទ្ធបន្ថែម ដើម្បីបំពេញតំរូវការទីផ្សារ។ ក៏ប៉ុន្តែ ដើម្បីក្លាយជាក្រុមហ៊ុនលក់ពូជស្រូវបាន លុះត្រាតែក្រុមហ៊ុននោះ បំពេញបានតាមលក្ខខណ្ឌបច្ចេកទេសកំណត់ដោយរដ្ឋ។
ជាមធ្យមក្រុមហ៊ុននេះ និងដោយមានកិច្ចសហការពីកសិករ និងសហគមន៍ ជាសមាជិកក្នុងតំបន់អាចផលិតពូជស្រូវ មានគុណភាពខ្ពស់បាន ៦ ,០០០តោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារពូជ៕