(សៀមរាប)៖ រាជរដ្ឋាភិបាលកំពុងជំរុញកំណើន ការសិក្សារបស់កុមារមានពិការភាព ដោយបានបង្កើតវិទ្យាស្ថានអប់រំពិសេស និងថ្នាក់អប់រំតាមបែបបរិយាប័ន្ន ដើម្បីបង្រៀនដល់កុមារមានពិការភាព ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។
បន្ថែមពីនោះ ក៏មានការស្តារលទ្ធភាពពលកម្មកាយសម្បទា ជូនកុមារមានពិការភាព តាមមណ្ឌលស្តារនីតិសម្បទារបស់រដ្ឋ និងការងារស្តារលទ្ធភាពពលកម្ម តាមសហគមន៍ក៏បាននឹងកំពុងបន្តអនុវត្តប្រកបដោយផ្លែផ្កា ដើម្បីជួយកុមារមានពិការភាព ឱ្យមានសមត្ថភាព ទាំងប្រាជ្ញាស្មារតី និងមេរៀនបំណិនជីវិតក្នុងការរស់នៅប្រចាំថ្ងៃ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តជំរុញសកម្មភាពក្នុងការលើកកំពស់ និងការពារឧត្តមប្រយោជន៍របស់កុមារមានពិការភាព។ ចំណែកសុខុមាលភាពជនមានពិការភាព និងកុមារមានពិការភាពវិញ ក៏ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ផងដែរ។
នេះជាការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងសិក្ខាសាលា ស្តីពីការកំណត់អត្តសញ្ញាណ និងប្រមូលទិន្នន័យកុមារមានពិការភាព ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំកុមាររបស់រដ្ឋ និងមណ្ឌលថែទាំកុមាររបស់អង្គការ រៀបចំធ្វើនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
សិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណ និងប្រមូលទិន្នន័យកុមារមានពិការភាព ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំកុមាររបស់រដ្ឋ និងមណ្ឌលថែទាំកុមាររបស់អង្គការ រៀបចំឡើងដោយនាយកដ្ឋានសុខុមាលភាពជនពិការ។ កន្លងមក នាយកដ្ឋានសុខុមាលភាពជនពិការ ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាល ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងចែករំលែកបន្តដល់ថ្នាក់ក្រោមជាតិ ស្តីពីបច្ចេកទេសថែទាំ ក្នុងការថែទាំជំនួសចំពោះកុមារពិការដែលរស់នៅក្នុងមណ្ឌល នៅមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង, មន្ទីរសង្គមកិច្ចខេត្តសៀមរាប, មន្ទីរសង្គមកិច្ចខេត្តព្រៃវែង, មន្ទីរសង្គមកិច្ចខេត្តកណ្តាល និងមន្ទីរសង្គមិច្ចរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងសិក្ខាសាលានាពេលនោះ លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា ជូនកុមារមានពិការភាព ប្រកបដោយប្រសិទ្ធភាព ជំរុញឲ្យសង្គមមួយដែលគ្មានឧបសគ្គ សម្រាប់រារាំង ដល់កុមារមានពិការភាព ហើយអាចរស់នៅប្រកបដោយសមធម៌គ្មានការរើសអើង។
កន្លងមកក៏ដូចបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្កើនការយកចិត្តទុកដាក់គិតគូរ អំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅ របស់កុមារមានពិការភាពឲ្យបានសមរម្យ ព្រមទាំងបានបំផុសលើកទឹកចិត្ត ដល់ពលរដ្ឋសប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានាឲ្យចូលរួមឧបត្ថម្ភ ជួយដល់កុមារមានពិការភាពផងដែរ។
ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្កើតមូលនិធីបុរី-ហោ សម្រាប់ជួយឧបត្ថម្ភ និងលើកកម្ពស់ជីវភាពក្នុងការរស់នៅរបស់កុមារមានពិការភាព។ លោកឧបនាយករដ្ឋមន្ត្រី លោកបានជួយឧបត្ថម្ភដល់បុរីទារក និងកុមារជាតិ ព្រមទាំងបានឧបត្ថម្ភដល់អង្គការគ្រួសារថ្មីខេត្តកំពង់ចាម ដោយក្នុងមួយខែចំនួន១ម៉ឺនដុល្លារអាមេរិក៕