(ប៉េកាំង, ចិន)៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»នោះ រាជរដ្ឋាភិបាលកម្ពុជា និងធានាគាររបស់ចិនបានចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន៣នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ។ ពិធីចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានធនាគាររបស់ចិន។
ពិធីសារទាំង៣នេះ ត្រូវបានចុះហត្ថលេខាដោយលោកអគ្គបណ្ឌិតសុភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកឧកញ៉ា ពង់ ឃាសែ ប្រធានធនាគារកាណាឌីយ៉ា ជាមួយតំណាងជាន់ខ្ពស់របស់ធនាគារចិន។
សូមបញ្ជាក់ថាមុនពេលឈានដល់ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន និងប្រធានធានាគាររបស់ចិន បានជួបជជែកគ្នាលើបញ្ហាមួយចំនួនផងដែរ។ វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅទីស្នាក់ការកណ្តាលធនាគារចិននៅទីក្រុងប៉េកាំងនេះ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុតពីថ្នាក់ដឹកនាំនៃធនាគារចិនជាច្រើនរូប។
ប្រធានធនាគាររបស់ចិន បានឱ្យដឹងថា ធនាគារចិនមានអាយុកាលជាង ១០០ឆ្នាំមកហើយ ហើយបច្ចុប្បន្នមានជាង ៦០សាខានៅទូទាំងពិភពលោក និងមានបុគ្គលិកជាង ៤សែននាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សំដែងនូវអំណរគុណសាជាថ្មីម្តងទៀត ដែលធនាគារចិនបានអនុញ្ញាតឲ្យរូបសម្តេច បានទៅបំពេញទស្សនកិច្ចសាជាថ្មីម្តងទៀត នៅទីស្នាក់ការកណ្តាលរបស់ធនាគារចិន ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីរូបសម្តេចនិងគណៈប្រតិភូធ្លាប់បានទៅបំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៧។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា ដោយសារតែមានភាពរឹងមាំ នៃចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរនោះហើយ ដែលបានជំរុញឲ្យបណ្តាធនាគារ និងក្រុមហ៊ុនចិនជាច្រើន បានមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិសេសទៅទៀតនោះ តាមរយៈវត្តមានរបស់ធនាគារចិននេះហើយ ដែលជំរុញឲ្យក្រុមហ៊ុនចិនជាច្រើន បានទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន វារីអគ្គិសនី រោងចក្រ សហគ្រាសតូចធំ និងសមិទ្ធផលសង្គមដទៃទៀត៕