(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយអង្គការអន្តរជាតិខាងការងារ គម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នឹងរៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨មេសា ក្រោមប្រធានបទ «សុវត្ថិភាព និងសុខភាព និងអនាគតនៃការងារ»។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ទិវានេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង ខេត្តកោះកុង។ នេះជាឆ្នាំទី១៤ហើយ ដែលក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងរំលឹកដល់វិញ្ញាណក្ខន្ធ កម្មករនិយោជិតដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ព្រមទាំងទាញការគាំទ្រពីស្ថាប័នពាក់ព័ន្ធ អង្គការនិយោជក និងអង្គការកម្មករនិយោជិត។
ទិវានេះ នឹងមានការចូលរួមជាអធិបតីភាពពីលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីអភិបាលខេត្ត តំណាងអង្គការ អន្តរជាតិខាងការងារ តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
ក្នុងនោះផងដែរ ក៏មានការចូលរួមពី នាយកតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង តំណាងនិយោជក និងសហជីព ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ម្ចាស់សហគ្រាស គ្រឹះស្ថាននានា និងកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង ខេត្តកោះកុង សរុបចំនួនជាង ១,៣០០នាក់៕