(កំពង់ឆ្នាំង)៖ ផ្ទះមួយខ្នងរួមទាំងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ទាំងអស់ ដែលជារបស់លោកអនុសេនីយ៍ឯក ឡាច សុខន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ខណៈដែលរូបលោក ជាប់រវល់ចុះបំពេញភារកិច្ចនៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។

ផ្ទះមួយខ្នងដែលជារបស់លោក អនុសេនីយ៍ឯក ឡាច សុខន ដែលត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុងនេះ មានបណ្តោយ១៤ម៉ែត្រ ទទឹង ០៩ម៉ែត្រ ធ្វើអំពីស៊ីម៉ង់ត៍ក្រោម ឈើលើ ប្រក់ក្បឿង ជញ្ជាំងក្តារ។ មូលហេតុនៃការឆេះនេះគឺបណ្តាលមកពី ទុស្សេរខ្សែភ្លើង។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គីភ័យមួយនេះ បានឆេះបំផ្លាញទ្រព្យសម្បត្តិ និង សម្ភារប្រើប្រាស់អស់ទាំងស្រុង តែមិនបណ្តាលឲ្យរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស៕