(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ តំណាងលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចាស់ជរាងាយរងគ្រោះចំនួន១០គ្រួសារ និងបានយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីមកឧបត្ថម្ភជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗ។
សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ ដែលដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ខាងលើនេះ បានធ្វើឡើងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ នាថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០១៩នេះ។
លោកស្រី អាន ផល្លា បានថ្លែងថា អំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន នាពេលនេះ គឺតំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រីបានសង្កត់ធ្ងន់ថា អំណោយទាំងនេះដែរ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះប៉ុណ្ណោះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្ដេចទាំងពីរ៕