(ប៉េកាំង, ចិន)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកបង្ហាញនូវកិច្ចប្រឺងប្រែងជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានក្នុងការប្រឹងប្រែងការពារលើបរិស្ថាន។ លោក អ៊ាង សុផល្លែត លើកឡើងបែបនេះ ក្នុងពេលចូលរួមវេទិកាវិថីសូត្របៃតង (Thematic Forum on Green Silk Road) ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតជាតិ (China National Convention Center) នាទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

ក្នុងឱកាសនៃវេទិកានោះ លោករដ្ឋលេខាធិការបានបញ្ជាក់ជូនអង្គវេទិកាអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាចីរភាពបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅធានាបាននូវតុល្យភាពសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធ៌ម។

លោក អ៊ាង សុផល្លែត ក៏បានជម្រាបជូនអង្គវេទិកាពីគោលនយោបាយអភិវឌ្ឍន៍បៃតង ដែលកម្ពុជាបាននិងកំពុងអនុវត្តផងដែរ។ ជាក់ស្តែង តាមរយៈគោលនយោបាយនេះ កម្ពុជាបានជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ ដែលរហូតមកដល់បច្ចុប្បន្ននេះ ស្ថានីយអគ្គិសនីដំណើការដោយថាមពលពន្លឺព្រះអាទិត្យ (ទាំងអស់ដែលភ្ជាប់បណ្តាញហើយ កំពុងប្រតិបត្តិការសាងសង់ ឬបានអនុម័តរួចហើយ) មានលទ្ធភាពផ្គត់ផ្គង់ថាមពលប្រមាណ ១២% នៃបរិមាណអគ្គិសនីផលិតសរុប ដែលខ្ពស់ជាងតួលេខមធ្យមក្នុងបណ្តាប្រទេសអាស៊ាន។

លោកអនុរដ្ឋលេខាធិការ បានអះអាងថា តាមការផ្គត់ផ្គង់ថាមពលព្រះអាទិត្យខាងលើនេះ អាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានប្រមាណ ២២០,០០០តោន ក្នុងមួយឆ្នាំ ឬ ៤,៤លានតោន ក្នុងរយៈពេលផ្គត់ផ្គង់ ២០ឆ្នាំទៅមុខ។

សូមបញ្ជាក់ថា វេទិកាវិថីសូត្របៃតងជាគោលគំនិតប្រកបដោយការទទួលខុសត្រូវលើសកម្មភាព និងគោលនយោបាយចំពោះបរិស្ថាននិងសង្គម ដើម្បីរួមចំណែកទប់ស្កាត់ការធ្លាក់ចុះនូវគុណភាពដី និងការប្រែប្រួលអាកាសធាតុ វេទិកាវិថីសូត្របៃតងត្រូវបានបង្កើតឡើងក្រោមទស្សនៈ «ខ្សែក្រវាត់មួយ វិថីមួយ បរិស្ថានរួម (One Belt, One Road, One Environment)»។

នៅឆ្នាំ២០១៩ វេទិកានេះ ត្រូវបានរៀបចំដោយក្រសួងអេកូឡូស៊ី និងបរិស្ថាន ជាមួយបណ្តាវេទិកាមួយចំនួនទៀត ក្នុងឱកាសនៃវេទិការួមស្តីពី «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (the 2nd Belt and Road Forum for International Cooperation) ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនាថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០១៩នេះ៕