(ម៉ាឡេស៊ី)៖ គណៈប្រតិភូរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដឹកនាំដោយ លោក ហា ចុងវ័ន (Jong Weon HA) អគ្គនាយករងនៃ ផ.ម.ក. បានរៀបចំធ្វើសិក្ខាសាលាមួយ ដែលត្រូវបានធ្វើឡើងរួមគ្នារវាង ផ.ម.ក.និងក្រុមហ៊ុន អ អេច ប៊ី ឥណ្តូឆៃណា ស៊ីឃ្យួរឹធី ម.ក ក្រោមប្រធានបទ «ឱកាសវិនិយោគក្នុងទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា» នៅមជ្ឈមណ្ឌល អ អេច ប៊ី (RHB Centre) ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា ដែលទើបចេញផ្សាយនៅថ្ងៃនេះ។
ស្របតាមគម្រោងផ្តួចផ្តើមមួយរបស់ ផ.ម.ក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនជាស្ថាប័ននៅបរទេស សិក្ខាសាលា «ឱកាសវិនិយោគក្នុងទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា» នេះមានគោលបំណងផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគ លើផ្សារមូលបត្រកម្ពុជា ដែលជាទីផ្សារថ្មីតែប្រកបដោយសក្តានុពល ទៅកាន់វិនិយោគិនបរទេស។
មានភាពខុសប្លែកគ្នាពីសិក្ខាសាលាលើកមុនៗបន្តិច ពីព្រោះសិក្ខាសាលានេះ មិនត្រឹមតែមានការចូលរួមពីសំណាក់វិនិយោគិន ជាស្ថាប័នប៉ុណ្ណោះទេ គឺថែមទាំងមានការចូលរួមពីសំណាក់ពីភ្នាក់ងារឈ្មួញជើងសារមូលបត្រ និងពាណិជ្ជករមូលបត្រមួយចំនួន នៅក្នុងប្រទេសម៉ាឡេស៊ី ផងដែរ។ នៅក្នុងបេសកកម្មបន្ទាប់ ផ.ម.ក. នឹងរៀបចំសិក្ខាសាលាប្រភេទនេះ ជាបន្តបន្ទាប់ទៀតនៅក្នុងបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីដូចជា សិង្ហបុរី សាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម ដើម្បីកៀងគរវិនិយោគិនបរទេសមកធ្វើការវិនិយោគ ក្នុងផ្សារមូលបត្រប្រទេសកម្ពុជា។
សិក្ខាសាលានេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងភាពស្និតស្នាល ដោយមានអ្នកចូលរួមប្រមាណជិត ៥០នាក់។ ដោយមើលឃើញពីចំណាប់អារម្មណ៍ច្រើនពីវិនិយោគិន ជាស្ថាប័ននៅក្នុងប្រទេសម៉ាឡេស៊ី ផ.ម.ក. រំពឹងថាពួកគេនឹងមកវិនិយោគ នៅក្នុងផ្សារមូលបត្រកម្ពុជា នាពេលអនាគតខាងមុខនេះ៕