(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ម៉ាយក្រូអ៊ិនសួរេន ម.ក ( PROSUR Micro insurance PLC) បានសហការគ្នាជាមួយ សម្បត្តិ ហ្វាយនែន ភីអិលស៊ី (Sambat Finance) ក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងសុខភាពបន្ថែមជូនដល់អតិថិជន ដែលកំពុងប្រើប្រាស់សេវាឥណទានជាមួយសម្បត្តិ ហ្វាយនែន។ ការសហការគ្នារវាងក្រុមហ៊ុនទាំងពីរនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅការិយាល័យកណ្តាល នៃក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ម៉ាយក្រូអ៊ិនសួរេន ម.ក ភ្នំពេញ។
ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩តទៅ សម្បត្តិ ហ្វាយនែន នឹងទិញសេវាធានារ៉ាប់រងសុខភាព ពីក្រុមហ៊ុនប្រូសួរ ម៉ាយក្រូ អ៊ិនសួរេន ម.ក ដើម្បីផ្តល់ជូនដល់អិតិថិជន ដែលប្រើប្រាស់សេវាឥណទានរបស់ខ្លួន។ ដូចនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
កិច្ចសហប្រតិបត្តិការនេះគឺជួយដល់អតិថិជនរបស់ សម្បត្តិ ហ្វាយនែន ឱ្យកាន់តែមានភាពល្អប្រសើរផ្នែកសុខភាព និងបានរួចផុតពីការចំណាយនានា ទៅលើការព្យាបាលជំងឺ គ្រោះថ្នាក់ និងការពារអាយុជីវិតបានផងដែរ តាមរយៈការទទួលបានសេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ប្រូសួរ ម៉ាយក្រូអ៊ិនសួរេន ម.ក។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ម៉ាយក្រូអ៊ិនសួរេន ម.ក និងសម្បត្តិ ហ្វាយនែន ភីអិលស៊ី នឹងបន្តគាំទ្រការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើនការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការការពារសុខភាព និងអាយុជីវិត ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្របានមួយផ្នែកផងដែរ៕