(កំពង់ស្ពឺ)៖ នារីនិស្សិតឆ្នាំទី១ម្នាក់ បានស្លាប់ ចំណែកម្តាយរងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំរបស់ក្រុមហ៊ុន SL បើកបុកម៉ូតូពីក្រោយ នៅតាមផ្លូវ៤១ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពៗ នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩កន្លងមក រហូតមកដល់ពេលនេះ រយៈពេល ៤ខែហើយ ភាគីជនរងគ្រោះ នៅមិនទាន់ទទួលបាននូវដំណោះស្រាយ សំណងរដ្ឋប្បវេនី ឬសំណង់ផ្លូវច្បាប់ឡើយ ខណៈដែលកូនស្រីស្លាប់បាត់ជីវិតទៅហើយ រីឯម្តាយរបួសបាក់ដៃ បាក់ជើងបច្ចុប្បន្ន បន្តព្យាបាលនៅផ្ទះ របួសមិនទាន់សះស្បើយ។
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខតាកែវ1C-2352។ ចំណែករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3C-4356 ដឹកការ៉ូរបស់ក្រុមហ៊ុន SL ដែលមានលោក ស៊ី លាង ជាម្ចាស់ក្រុមហ៊ុន បើកបុកម៉ូតូនារីរងគ្រោះ២នាក់ម្ដាយកូន ពីក្រោយ ឈ្មោះ ជា ហុយណា រីឯម្តាយរងរបួសធ្ងន់ឈ្មោះ សួស ស្រីពៅ អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមក្រុមគ្រួសារជនរងគ្រោះបានត្អូញត្អែថា កើតហេតុតាំងពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះអស់រយៈពេល៤ខែមកហើយ រថយន្តបង្ក និងអ្នកបើកបររថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដោយអូសបន្លាយរយៈពេលច្រើនខែ ស្ងាត់បាត់ដំណឹង។ ក្រុមគ្រួសារទាំងមូល សូមទទូចឲ្យដល់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ជួយរកយុត្តិធម៌ដល់ពួកគាត់ផង។
ជាមួយគ្នានេះ ក្រុមគ្រួសារភាគីរងគ្រោះ ក៏ទទូចស្នើសុំទៅស្ថាប័នសមត្ថកិច្ច តុលាការ មេត្តាជួយរកដំណោះស្រាយ ខណៈដែលសំណងរដ្ឋប្បវេណីក៏អត់ សំណងផ្លូវច្បាប់ក៏មិនទាន់ឃើញ ខាងភាគីថៅកែក្រុមហ៊ុនរថយន្តដឹកគ្រឿងសំណង់ផ្តល់ជូនដែរ៕