(ចិន)៖ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះថា មានក្រុមហ៊ុនទិញអង្ករធំៗចំនួន២ ដែលមានម្ចាស់ជាជនជាតិកូរ៉េ ហើយកំពុងដំណើរការរកស៊ីនៅប្រទេសចិននោះ បានបង្ហាញការចាប់អារម្មណ៍ ចង់ទិញអង្ករពីកម្ពុជា។
លោកអគ្គលេខាធិការបញ្ជាក់ទៀតថា ប្រសិនបើការពិភាក្សា ឈានដល់កិច្ចព្រមព្រៀងគ្នានោះ ដំណើរការនៃការទិញលក់អង្កររបស់កម្ពុជា នឹងចាប់ផ្តើមទិញលក់ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ តទៅ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក មូល សារិទ្ធី ធ្វើឡើងក្នុងឱកាសដែលលោកធ្វើជាតំណាងលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលជួបជាលើកទី២ ជាមួយតំណាងក្រុមហ៊ុនកូរ៉េ FOSHAN CITY QUNXIANJI TRADING CO., LTD និងក្រុមហ៊ុនភ្នាក់ងារ GEUM LAN CO., LTD ដែលកំពុងវិនិយោគនៅចិន នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
លោក សារិទ្ធី បានបញ្ជាក់ថា «ជំនួបលើកទី២នេះ បានពិភាក្សាលើលទ្ធភាពការទិញអង្ករពីកម្ពុជា ដែលក្រុមហ៊ុនរបស់គាត់មានកូតា អាចនាំចូលមកប្រទេសចិនស្រាប់ ដោយមិនពាក់ព័ន្ធនឹងកូតាដែលកម្ពុជា ទទួលបានពីក្រុមហ៊ុនរដ្ឋចិន COFCO ចំនួន៤០ម៉ឺនតោននោះឡើយ។ បានន័យថា ក្រុមហ៊ុននេះអាចទិញអង្ករពីកម្ពុជាផ្ទាល់ទៅចិនតែម្តង ដោយមិនចាំបាច់ចូលតាមច្រករបស់ក្រុមហ៊ុន COFCO ទេ។ ចំពោះតម្រូវការអង្ករវិញ ក្រុមហ៊ុនទាំង២នេះ ត្រូវការអង្ករក្រអូបប្រណិត អង្ករសែនក្រអូប និងអង្ករអ៊ីអ៊ែរ»។
លោកអគ្គលេខាធិការបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនទាំង២នេះ បានទិញអង្ករពីប្រទេសជិតខាងរបស់កម្ពុជា ប៉ុន្តែដោយសារគុណភាពអង្កររបស់កម្ពុជាល្អ រសជាតិឆ្ងាញ់នោះ ទើបពួកគេចាប់អារម្មណ៍អង្កររបស់កម្ពុជា។
លោកបន្តថា «សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តធ្វើការងារនេះជាមួយសមាជិក និងចរចារជាមួយក្រុមហ៊ុនខាងលើនេះនូវតម្លៃ និងបរិមាណអង្ករ ប្រសិនបើត្រូវគ្នាយើងនឹងអាចចាប់ផ្តើមការទិញលក់ពីខែកញ្ញា២០១៩ ខាងមុខតទៅ។ ភាគីទាំងពីរនឹងបន្តកិច្ចសហការឲ្យបានស៊ីជម្រៅ ក្នុងពេលឆាប់ៗខាងមុខនេះ»។
ក្រៅពីពាក់ព័ន្ធការរកស៊ីអង្ករហើយនោះ តំណាងក្រុមហ៊ុនទាំង២នោះ ក៏បានស្វែងរកដៃគូសហការវិនិយោគលើជំនួញផ្សេងៗ ដូចជាការនាំយកនូវគ្រឿងបន្លាស់ និងគ្រឿងសំណង់ខ្នាតធំ ដែលក្រុមហ៊ុនពួកគាត់កំពុងផលិតនៅប្រទេសចិន បច្ចុប្បន្នផលិតនាំចេញទៅជប៉ុន ផ្គត់ផ្គង់អោយក្រុមហ៊ុន Mitsubishi, Reborn still, Hitachi និងនាំទៅសហភាពអឺរ៉ុប៕