(កំពង់ធំ)៖ ស្របពេលមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានធ្វើចំណាកស្រុកនៅប្រទេសជិតខាងនោះ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅភូមិភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាំគ្នាងាយមកបង្កើនរបរដាំបន្លែ ដើម្បីបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក ដោយក្នុងមួយរដូវអាចរកចំណូលបានចាប់ពី៨ ទៅ ៩លានរៀល។
មិនតែប៉ុណ្ណោះ បន្លែដែលប្រជាពលរដ្ឋ បានដាំដោះដោយធម្មជាតិ គឺជាអាហារដ៏ចាំបាច់មួយ សម្រាប់មនុស្សបរិភោគជាប្រចាំថ្ងៃ និងបានការពារសុខភាព ហើយការដាំបន្លែក៏ជាប្រភពចំណូលមួយ ដ៏ធំសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទ ផងដែរ។
មុខរបរដាំបន្លែ សព្វថ្ងៃមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់នូវបច្ចេកទេស និងប្រព័ន្ធស្រោចស្រពបែបទំនើប កាត់បន្ថយការប្រើប្រាស់ កម្លាំងមនុស្ស និងចំណេញពេលវេលាដោយគេប្រើប្រាស់ ម៉ាស៊ីន ជាជំនួយការក្នុងការស្រោចស្រោចស្រពដំណាំ ដោយប្រើប្រព័ន្ធដំណក់ទឹក និងប្រព័ន្ធសាច។
ជាមួយគ្នានេះដែរលោក ហ៊ន សុផល ជាប្រជាពលរដ្ឋដែលរស់នៅ ភូមិភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថា សព្វថ្ងៃលោកប្រកបមុខរបរដាំបន្លែប៉េងប៉ោះ ត្រសក់ សណ្ដែក ដើម្បីលក់នៅលើទីផ្សារខេត្តកំពង់ធំ នៅក្នុងតម្លៃមួយដែល លោកអាចទទួលយក បានក្នុងនោះដែលដំណាំ ប៉េងប៉ោះ ជាដំណាំមួយដែលលោកបានលើកឡើងថា ប្រើពេលដាំរហូតដល់ ទទួលផល គឺរយៈពេល១ខែកន្លះ ហើយរយៈពេលទទួលផល១ខែកន្លះដូចគ្នា។
លោកបានដាំនៅក្នុងដីទំហំ១៣អា ប្រមូលផលសរុបបានចន្លោះពី ៨លានទៅ៩លានរៀល ដោយក្នុងមួយគីឡូលោកអាចលក់បានតម្លៃចាប់ពី ២,០០០រៀលទៅ ៣,០០០រៀល ហើយការចំណាយថ្លៃដើមសម្រាប់ដំណាំប៉េងប៉ោះនេះអស់ប្រហែល ២លានរៀលតែប៉ុណ្ណោះ សរុបមកលោកទទួលបានប្រាក់ចំណេញរយៈពេល ៣ខែបានជាង ៦លានរៀល។ កត្តានេះបញ្ជាក់ឱ្យឃើញថាការដាំបន្លែ គឺពិតជាទទួលបានប្រាក់ចំណូលមិនចាញ់ការប្រកបរបរផ្សេងនោះឡើយ ហើយវាក៏ជាចំណែកមួយ ដើម្បីចូលរួមការកាត់បន្ថយការនាំចូលបន្លែមក ពីប្រទេសជិតខាងផងដែរ។
លោកបានបន្តថាការដាំបន្លែ គឺលោកប្រើប្រាស់នូវជីធម្មជាតិ ច្រើនជាងការប្រើប្រាស់ជីគីមី ហើយទិន្នផលដែលលោកទទួលបាន ងាយស្រួលលក់ បងប្អូនប្រជាពលរដ្ឋទិញយកទៅបរិភោគមិនប៉ះពាល់ដល់សុខភាពនោះឡើយ ពីព្រោះថាការដាំបន្លែនេះគឺលោកគោរពទៅតាម គោលការណ៍សុខភាពជាចំបង។
ជាចុងក្រោយលោក ហ៊ន សុផល ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមានការងារធ្វើមិនច្បាស់លាស់ អាចងាកមកប្រកបមុខរបរដាំបន្លែ ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងកាត់បន្ថយចំណាកស្រុកផង៕