(ថៃ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ, លោកឧញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ និងសហការី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានចុះទស្សនកិច្ចសិក្សាអំពីខ្សែច្រវ៉ាក់ផលិតកម្មផលិតពូជស្រូវសុទ្ធ និងទីផ្សារពូជស្រូវ នៅមជ្ឈមណ្ឌលផលិតពូជស្រូវ ក្នុងខេត្តលប់ប៊ូរី ព្រះរាជាណាចក្រថៃ។
តាមការឲ្យដឹងត្រួសៗពីលោកស្រីប្រធានមជ្ឈមណ្ឌលបណ្តុះពូជស្រូវ ប្រចាំខេត្តលប់ប៊ូរីបានឲ្យថា ទូទាំងព្រះរាជាណាចក្រថៃ មានទីតាំងផលិតពូជស្រូវ សរុបទាំងអស់ចំនួន២៨ខេត្ត ហើយមួយខេត្តមាន១ទីតាំង ដោយទីតាំងនីមួយៗ ទទួលបានការគាំទ្រគម្រោង បច្ចេកទេស និងថវិកាដោយក្រសួងកសិកម្ម និងសហគមន៍ របស់រាជរដ្ឋាភិបាលថៃ។
លោកស្រីបន្តថា សម្រាប់មជ្ឈមណ្ឌលផលិតពូជស្រូវលប់ប៊ូរីនេះ ក៏មិនខុសពីមជ្ឈមណ្ឌលពូជផ្សេងៗទៀតដែរ បានទទួលភារកិច្ចពី ក្រសួងកសិកម្មនិងសហគមន៍ ត្រូវចម្រាញ់ និងផលិតពូជស្រូវសុទ្ធល្អ ដើម្បីធ្វើការបែងចែក និងលក់ពូជស្រូវ ដែលផលិតបានជូនដល់ប្រជាកសិករ ក្រុមហ៊ុន និងលក់ឲ្យរដ្ឋវិញផងដែរ។
ប្រធានជ្ឈមណ្ឌលផលិតពូជស្រូវដដែលរូបនោះបានបន្តថា ដើម្បីផលិតពូជស្រូវសុទ្ធនេះ ឲ្យគ្រប់តាមផែនការ និងមានគុណភាព មជ្ឈមណ្ឌលបានធ្វើកិច្ចសហការជាមួយកសិករ ឬសហគមន៍កសិកម្ម ក្នុងមូលដ្ឋានដែលជាសមាជិក ដោយក្នុងនោះខាងមជ្ឈមណ្ឌលធ្វើការផ្តល់ជូននូវពូជគ្រឹះ ក៏ដូចជាថវិកា និងជំនួយបច្ចេកទេសទាំងស្រុងចាប់តាំងពីដំណាក់កាលសាបព្រោះ រហូតដល់តំណាក់កាលប្រមូលផល។ ទន្ទឹមនេះផលដែលសម្រេចបាន ខាងមជ្ឈមណ្ឌលនឹងទទួលទិញយកមកវិញ។ ដូចនេះកសិករជាសមាជិក មិនមានការព្រួយបារម្មណ៍រឿងទីផ្សារឡើយ។
បន្ទាប់ពីការស្តាប់បទបង្ហាញ អំពីដំណើរការេបស់មជ្ឈមណ្ឌលរួចមក លោក កៅ ថាច និងសហការី បានបន្តចុះពិនិត្យមើលទីតាំងមន្ទីរពិសោធន៍ពូជ រោងចក្រសម្ងួតពូជស្រូវ និងវេចខ្ចប់ពូជស្រូវសម្រាប់ធ្វើការបែងចែកទៅកាន់ទីផ្សារ៕