Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមមន្រ្តីជំនាញពិនិត្យផ្ទាល់ និងស្រាវជ្រាវដោះស្រាយជូនប្រជាពលរដ្ឋ ករណីមានគេរារាំងមិនឲ្យធ្វើស្ពានឆ្លងអូរ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

26-04-2019 14:03

(កណ្តាល)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារខេត្តកណ្តាល ដែលមានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត, មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមទាំង ក្រុមការងារស្រុក បានចុះទៅពិនិត្យផ្ទាល់ និងសិក្សាស្រាវជ្រាវដោះស្រាយជូនប្រជាពលរដ្ឋ ក្រោយមានគេរារាំងមិនឲ្យធ្វើស្ពានឆ្លងអូរ នៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមមន្រ្តីអាជ្ញាធរមូលដ្ឋាន ក្រុមការងារក៏បានចុះវាស់វែងដីដែលជាអំណោយមនុស្សធម៌របស់លោកគ្រូ ឆែម សុខ និងក្រុមគ្រួសា ដែលបានប្រគល់ដីជូនទៅរដ្ឋ មានបណ្តាយ ៤០០ម៉ែត្រ ទទឺង ៦ម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងកាត់អូរ ១៣ម៉ែត្រ ដើម្បីភ្ជាប់ទៅមុខផ្លូវ សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់ប្រជាជន ក្នុងភូមិព្រែកក្របៅទី៣ ធ្វើដំណើរដើម្បីឆ្លងកាត់។

ប្រជាជនក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល បានផ្តិតមេដៃគាំទ្រលោក ឆែម សុខ ដែលបានផ្តល់ដីផ្ទាល់ខ្លួន ជូនទៅរដ្ឋអភិវន្ឍនធ្វើផ្លូវ ក៏ដូចជា អាជ្ញាធរភូមិ ឃុំ ស្រុក មានការសារទចំពោះការ បើកផ្លូវ ថ្មី ១ខ្សែនេះ ដើម្បីបំរើផលប្រយោជន៍សាធារណៈទូទាំឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្រ្តីបានបញ្ជាក់ថា ដីនេះបើគិតជាទឹកប្រាក់វិញអស់ប្រហែលជា ១៥0 ០០០ ដុល្លារ ក្នុងការបរិច្ចាគដីផ្ទាល់ខ្លួន ជូនទៅរដ្ឋធ្វើផ្លូវសាធារណៈ។ ការបរិច្ចាគដីនេះរបស់លោក ឆែម សុខ និងក្រុមគ្រួសារ គឺជាការរួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានលោកបណ្ឌិត ម៉ៅ ភិរុណ ជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ អភិបាលស្រុកលោក ប៊ុន ផេង បានធ្វើរបាយការណ៍ជូនអភិបាលខេត្តកណ្តាល អំពីបញ្ហាប្រឈមក្នុងការធ្វើស្ពានឆ្លងកាត់ អូរ (រដ្ឋ ) ដោយមានបុគ្គលម្នាក់ មកអះអាងថា ដីអូរនេះជាដីរបស់ខ្លួន បានទិញពីប្រជាជន ប៉ុន្តែតាមការពិនិត្យ និងសួរនាំទៅក្រុមប្រឹក្សា ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដីនេះមិនមាន ការទទួលស្គាល់អំពីអាជ្ញាធរ ភូមិ-ឃុំ ទេ ព្រោះជាដីអូរ(រដ្ឋ) ដូចនេះមិនមានអាជ្ញាធរណាចុះហត្ថលេខាឲ្យទេ។

បន្ទាប់ពីបានរបាយការណ៍ពីលោកអភិបាលស្រុក លោកបណ្ឌិត ម៉ៅ ភិរុណ បានឲ្យទៅផ្នែកជំនាញទាំង២ រួមមាន៖
*ទី១៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
*ទី២៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ពិនិត្យសំណើរ ចុះសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ជូនលោក ដើម្បីមានមូលដ្ឋានឆើ្លយតបទៅលោក ឆែម សុខ ដែលបានឲ្យដីមករដ្ឋធ្វើផ្លូវ និងប្រជាពលរដ្ឋក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕