(ភ្នំពេញ)៖ ឆ្នាំ២០១៩ នេះ ជាខួបលើកទី ២០ ដែលកម្ពុជាបានក្លាយជាក្រុមគ្រួសាររបស់អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) គឺនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៩៩។ ជាងពីរទសវត្សរ៍កន្លងមក កម្ពុជាបានធ្វើដំណើទៅមុខយ៉ាងរឹងមាំ សំរេចបាននូវសន្តិភាព ស្ថេរភាពយ៉ាងពេញលេញ ខិតខំធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន ជាកត្តាដែលអាចធ្វើអោយកម្ពុជាចូលរួមចំណែកក្នុងការអភិវឌ្ឍតំបន់ និងវិបុលភាពសកលលោក។
ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយកត់សម្គាល់ឃើញថា ការរីកចម្រើនរបស់កម្ពុជា ពិតជាសម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានសម្រេចចិត្តចូលជាសមាជិកអាស៊ាន បង្កលក្ខណៈអោយកម្ពុជា កសាងនូវការផ្សារភ្ជាប់ភាពជាដៃគូពិតប្រាកដជាមួយភាគីខាងក្រៅ ក៏ដូចជាបណ្តាប្រទេសដៃគូសន្ទនាដទៃទៀតរបស់អាស៊ាន ដែលអនុញ្ញាតឲ្យកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ច និងអាចរក្សាបាននូវសន្តិភាព និងសន្តិសុខយូរអង្វែង ។
ស្របពេលដែលកម្ពុជាខិតខំធ្វើការពង្រឹងសមត្ថភាពដោយខ្លួនឯង រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ ដែលជាកត្តានាំឱ្យប្រទេសមួយនេះ បានពង្រឹងខ្លួនប្រកៀកទៅនឹងកំរិតនៃការអភិវឌ្ឍជាទូទៅនៃប្រទេសសមាជិកអាស៊ានចាស់ៗ ជាពិសេសលើវិស័យកសាងធនធានមនុស្ស។ សូមអរគុណប្រទេសជប៉ុនចំពោះជំនួយដ៏មានសារៈសំខាន់របស់ខ្លួនតាមរយៈកម្មវិធី "គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន" ឬ (Initiative for ASEAN Integration-IAI) ដែលបានចាប់បដិសន្ធិនៅឆ្នាំ ២០០០ សម្រាប់ជួយដល់ប្រទេស កម្ពុជា ឡាវ ភូមា និងវៀតណាម។
IAI ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីជួយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ានថ្មីនិងសមាជិកចាស់ ដើម្បីលើកកម្ពស់កំរិតសមត្ថភាពប្រកួតប្រជែងរបស់អាស៊ាន ជាតំបន់តែមួយ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន ហើយក៏ជាអាទិភាពមួយរបស់កម្ពុជា ក្នុងការលើកស្ទួយការកសាងធនធានមនុស្ស និងការ ពង្រឹងសមត្ថភាព។
បន្ទាប់ពីការដាក់ចេញនូវគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានមន្ត្រីកម្ពុជា ត្រូវបានបញ្ជូនឲ្យចូលរួមកម្មវិធីកម្មសិក្សាជំនាញអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាននាទីក្រុងហ្សាការ ប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើននៅបន្តការងារក្នុងក្របខណ្ឌអាស៊ានរហូតដល់បច្ចុប្បន្ន។ កម្មវិធីកម្មសិក្សាជំនាញអាស៊ាននេះត្រូវបានរៀបចំឡើងដោយ លេខាធិការដ្ឋានអាស៊ាន សហការជាមួយភ្នាក់ងារមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (Japan-ASEAN Integration Fund-JAIF)។ ខ្ញុំក៏មានសំណាងបានចូលរួមក្នុងកម្មវិធីខាងលើម្នាក់ដែរ កាលពីឆ្នាំ ២០០១-២០០២។
កម្មវិធីនេះបានផ្តល់ឱកាសដ៏ល្អដល់មន្រ្តីរដ្ឋាភិបាល នៃប្រទេស CLMV ទៅក្រេបយកចំណេះវិជ្ជា និងជំនាញជាក់ស្តែងជុំវិញប្រធានបទអាស៊ានទៅតាមមុខជំនាញរៀងៗខ្លួន។
កម្មវិធីនេះបានផ្តល់ឱ្យខ្ញុំនូវមូលដ្ឋានការងារទាក់ទងនឹងអាស៊ានរហូតមកដល់សព្វថ្ងៃ។ ខ្ញុំមានសេចក្តីរីករាយដែលកត់សម្គាល់ឃើញថា មន្រ្តីដែលបានចូលរួមកម្មវិធីវគ្គសិក្សា ខាងលើមកពីប្រទេស CLMV ទទួលបានការងារសំខាន់ៗ នៅក្នុងប្រទេសនិងក្រៅប្រទេសខ្លួន និងអាចចូលរួមចំណែកដល់ការងារអាស៊ានជាលក្ខណៈតំបន់ទៀតផង ហើយជាការពិត រួមទាំងសហការី កម្ពុជារបស់ខ្ញុំទាំងអស់ដែលបានចូលរួម។
សំរាប់រយៈពេល ២០ឆ្នាំ ដែលខ្ញុំបានបំរើការងារពាក់ពន្ធ័នឹងកិច្ចការអាស៊ាន ខ្ញុំសូមយកឳកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន និងមិត្តភក្តិនៅលេខាធិការអាស៊ានទាំងអស់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីបណ្តុះបណ្តាលជំនាញអាស៊ាននៅលេខាធិការដ្ឋានអាស៊ាន ក្រោមក្របខណ្ឌ័គំនិតផ្តួចផ្តើម សមាហរណកម្មអាស៊ាននេះ នឹងបន្តដំណើរការតទៅទៀត ជាគុណប្រយោជន៍ដល់ការធ្វើសមាហរណកម្ម និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន ហើយក៏សូមជូនពរអោយបេសកកម្មរបស់គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ទទួលបានជោគជ័យជាដ៏រាប។
ដោយ៖ នង សាកល
អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូនេស៊ី និងអតីតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន