(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី គឺជាគ្រឹះស្ថានដែលបានផ្តល់សេវាហិរញ្ញវត្ថុដល់គ្រប់សាធារណជន និងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជាហើយក៏ជាគ្រឹះស្ថានមួយដែលទទួលបានជោគជ័យក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជោគជ័យធំៗទាំង១០។
មិនត្រឹមតែប៉ុណ្ណោះគ្រឹះស្ថានក៏តែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បុគ្គលិកខ្លួនផងដែរ ជាក់ស្តែងថ្មីៗនេះតាមរយៈលោក យុន ផន ជាអគ្គនាយករង និងនាយកប្រតិបត្តិប្រតិបត្តិការ និងក្រុមការងារតំណាងឲ្យគណៈគ្រប់គ្រងជាន់ខ្ពស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បាននាំយកថវិការទៅឧបត្ថម្ភដល់បុគ្គលិកឈ្មោះ យ៉យ រ៉ាឌី ដែលបច្ចុប្បន្នជាប្រធានសាខា ប្រចាំសាខាខេត្តកំពង់ចាម នូវចំនួនទឹកប្រាក់ ៤.៥០០ដុល្លារអាមេរិក (បួនពាន់ប្រាំរយដុល្លារ) សម្រាប់ជួយសម្រាលបន្ទុកចំណាយព្យាបាលជំងឺពោះវៀនធំ ដែលកំពុងស្ថិតក្នុងការតាមដាន និងព្យាបាលជាបន្ត។
ទាំងនេះបង្ហាញនូវទឹកចិត្តដ៏ថ្លៃថ្លា ស្រលាញ់យកចិត្តទុកដាក់របស់លោកឧកញ៉ា លី ហួរ ជា ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី តែងតែគិតគូរពីសុខុមាលភាពរបស់បុគ្គលិក រួមជាមួយនឹង បដិភាគមូលនិធិប្រមូលបានពីគ្រប់បុគ្គលិកនៃគ្រឹះស្ថាន តាមរយៈការរួមចិត្តគំនិត សហការរួមគ្នាជាធ្លុងមួយ ស្របជាមួយពាក្យថាសុខទុក្ខរបស់បុគ្គលិក គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងគ្រឹះស្ថាន។ គណៈគ្រប់គ្រង គ្រឹះស្ថានសូមជូនពរឲ្យលោក យ៉យ រ៉ាឌី ឆាប់ជាសះស្បើយពីជំងឺនាពេលឆាប់ៗនេះ៕