(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថេល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ៥៩៨ ដែលជាផ្សារទំនើបបែបសហគមន៍ ក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ របស់ជីប ម៉ុង លែន ដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ផ្សារទំនើប ជីប ម៉ុង ៥៩៨ មានកម្ពស់៥ជាន់ និងមានទំហំ១១,០០០ម៉ែត្រការ៉េ ព្រមទាំងចំណតរថយន្តដែលអាចផ្ទុកបាន ១៣៣គ្រឿង។ ការសាងសង់មណ្ឌលផ្សារទំនើបបែបសហគមន៍នេះ នឹងត្រូវបានបញ្ចប់ ហើយបើកដំណើរការក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២១។
តាមការឲ្យដឹងពីលោក Mr. Stephane Pierron អគ្គនាយកស្តីទីក្រុមហ៊ុន ជីប ម៉ុង រីថេល បានបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ៥៩៨ នេះ ត្រូវបានបង្កើតឡើងលើគោលគំនិតនៃការ «ចែករំលែកទីកន្លែង ចែករំលែកភាពរីករាយ» ដែលឆ្លុះបញ្ចំាងពីពេលវេលារីករាយមួយ ដែលក្រុមគ្រួសារ និងមិត្តភក្តិផ្តល់ឲ្យគ្នាទៅវិញទៅមក រាល់ពេលដែលពួកគេមកកម្សាន្ត នៅមណ្ឌលផ្សារទំនើបនេះ។
ផ្សារទំនើប ជីប ម៉ុង ៥៩៨ ត្រូវបានសាងសង់ឡើងក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ របស់ ជីប ម៉ុង លែន ដើម្បីបើកបម្រើជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងគម្រោងលំនៅដ្ឋាននេះ និងប្រជាពលរដ្ឋ ក្នុងខណ្ឌឬស្សីកែវ ព្រមតំបន់ជិតៗនេះផងដែរ។
ជាមួយគ្នានេះ លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានឲ្យដឹងថា ផ្សារទំនើប ជីប ម៉ុង ៥៩៨ នឹងធ្វើឲ្យមានចរាចរណ៍ចេញចូលក្នុងតំបន់លំនៅដ្ឋាន ផាក លែន ៥៩៨ និងតំបន់ជិតៗនេះ ដែលជាកត្តាធ្វើឲ្យការប្រកបអាជីវកម្មនានា ក្នុងមណ្ឌលផ្សារទំនើបដំណើរការល្អ ហើយនៅថ្ងៃអនាគត នឹងធ្វើឲ្យលំនៅដ្ឋានក្នុងគម្រោងនេះកាន់តែមានតម្លៃ។
គួរបញ្ជាក់ផងដែរថា មណ្ឌលផ្សារទំនើបបែបសហគមន៍ក្នុងគម្រោងលំនៅដ្ឋាននេះ គឺជាសមិទ្ធផលនៃការចាប់ដៃគូនៃភាពជឿជាក់ និងទាន់សម័យ រវាងក្រុមហ៊ុន ជីប ម៉ុង លែន និងជីប ម៉ុង រីថេល ដែលក្រុមហ៊ុនទាំងពីរបានប្តេជ្ញា ក្នុងការនាំយកបទពិសោធន៍ថ្មីៗ ក្នុងការស់នៅប្រកបដោយភាពងាយ និងពេញលេញជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងគម្រោងលំនៅដ្ឋានរបស់ជីប ម៉ុង លែន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជិតៗនោះ៕