(ភ្នំពេញ)៖ កម្ពុជា-ចិននាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានបើកកិច្ចជំនួបពិភាក្សាមួយ ដើម្បីជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ចិន លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម ឧស្សហកម្ម ទេសចរណ៍ វប្បធម៌ វិនិយោគ និងវិស័យផ្សេងៗទៀត។ ជំនួបពិភាក្សានេះ ធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួមពី នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស, លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន, លោក ស៊ិន ឈីវហ្វា (Chen Qiufa) លេខាបក្សខេត្តឡាវនិង នៃសាធារណរដ្ឋប្រជាមានិតចិន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក សំ សិរីរតន៍ បានបញ្ជាក់ថា វេទិកានេះ មិនត្រឹមតែផ្តល់ឱកាសសម្រាប់ធុរជន និង វិនិយោគិន នៃប្រទេសទាំងពីរ បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផងដែរ ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជាវិស័យពាណិជ្ជកម្ម ឧស្សហកម្ម ទេសចរណ៍ វប្បធម៌ វិនិយោគ និងវិស័យផ្សេងៗទៀត។
មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម រូបនេះ បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍ នៃការជំរុញអនុវត្ត គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ទំនាក់ទំនង នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាង កម្ពុជា-ចិន លើគ្រប់វិស័យ ក៏ត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែធំធាត់ និងរឹងមាំថែមទៀត ជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ទំហំពាណិជ្ជកម្ម សរុបកម្ពុជា-ចិន ក្នុងឆ្នាំ២០១៨ បានកើនឡើងដល់ ៦,៤៥៧ លានដុល្លារអាមេរិក ដែលការនាំចេញពីប្រទេសកម្ពុជា ទៅប្រទេសចិនមានទំហំ ទឹកប្រាក់ចំនួន ៨៧៤ លានដុល្លារអាមេរិក មានការកើនឡើង ១៥% ធៀបនឹងឆ្នាំ២០១៧ ចំណែកការនាំចូលពីចិន មកកម្ពុជាមានទំហំទឹកប្រាក់ចំនួន ៥,៥៨៣ លានដុល្លារអាមេរិក មានការកើនឡើង ១៦% ធៀបនឹងឆ្នាំ២០១៧។
លោក សំ សិរីរតន៍ បានថ្លែងថា «ផ្ដើមចេញពីលទ្ធផល ដែលបានអនុវត្តក្នុងឆ្នាំ២០១៨ កន្លងមកនេះ ពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរ សម្រេចបានលើស ពី៥ពាន់លានដុល្លារអាមេរិក ដែលឆ្លើយតប នឹងគោលដៅពាណិជ្ជកម្ម ដែលបានកំណត់ដោយ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ»។
បើតាមប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានឲ្យដឹងថា ចិនជាប់ចំណាត់ថ្នាក់លេខ១ ជាច្រើនវិស័យក្នុងការជួយកសាងប្រទេសកម្ពុជា ដូចជា១៖ ការផ្តល់ហិរញ្ញប្បទាន, ២៖ ការកសាងផ្លូវថ្នល់ស្ពាន, ៣៖ ការកសាងវារីអគ្គិសនី, ៤៖ ការធ្វើពាណិជ្ជកម្ម, ៥៖ ការបោះទុនវិនិយោគ និង៦៖ ទេសចរណ៍ចិនច្រើនជាងគេ។
លោក ឯក សំអុល បានបញ្ជាក់ថា កម្ពុជាបាននឹងកំពុងស្ថិត ក្នុងកាលៈទេសៈសន្តិភាព ស្ថិរភាពពេញលេញ និងក្នុងឱកាសមាស ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឈានទៅកំណើនសេដ្ឋកិច្ច មធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសរីកចម្រើនក្នុងឆ្នាំ២០៥០។
លោក ឯក សំអុល បានលើកឡើងថា ចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងចិន ពិតប្រាកដណាស់នឹងនាំមកនូវផ្លែផ្កា ការរីកចម្រើនថ្មីៗទៀតឲ្យដល់ប្រជាជន និងប្រទេសទាំងពីរ៕