(ភ្នំពេញ)៖ អគារសិក្សាដែលជាហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងគម្រោងពង្រីកសាលាមធ្យមសិក្សា នៅក្នុងរាជធានីភ្នំពេញ ចំនួន៨ខ្នង ស្មើនឹង ១៥៧បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានចូលសិក្សា។
ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅក្នុងទីតាំងវិទ្យាល័យព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោមវត្តមានលោក ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហូរីណូអូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ជាច្រើននាក់ទៀត។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឱ្យដឹងថា សម្រាប់វិស័យអប់រំនៅរាជធានីភ្នំពេញ ក្នុងចន្លោះឆ្នាំ២០០៥ដល់២០១៥ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ចៃកា នូវអគារសិក្សាសម្រាប់បថមសិក្សា ដែលមានកម្ពស់ចាប់ពី៣ដល់៥ជាន់ចំនួន៣លើក មាន១៨ខ្នង ស្មើ៣២០បន្ទប់ នៅសាលាបថមសិក្សា១៨សាលា ដោយគម្រោងនេះ គ្រប់គ្រងអនុវត្តដោយភាគីជប៉ុន។
ដោយឡែក ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណង នៃគម្រោងការទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ( គូសាណូណិ) ដើម្បីគាំទ្រអភិវឌ្ឍវិស័យអប់រំនៅរាជធានីភ្នំពេញ មានអគ្គាសិក្សា៧ខ្នង ៤៦បន្ទប់។ ក្រោយមក ក៏មានការណែនាំពីJica ឱ្យស្នើសុំសាងសង់អគារសិក្សា ដែលមានកម្ពស់ ចាប់ពី៣ដល់៥ជាន់ ទៅរាជរដ្ឋាភិបាលជប៉ុន សម្រាប់មធ្យមសិក្សា នៅរាជធានី។ សំណើរនេះ ក៏ត្រូវបានភាគីជប៉ុន យល់ព្រម និងផ្តល់ជូន ជាហូរហែរ។
លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គម្រោងសាងសង់អគារសិក្សា៨ខ្នងនេះ នៅសល់ថវិកាខ្លះត្រូវបានភាគីជប៉ុនអនុញ្ញាតិ ជូនរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់ រៀបចំបណ្ណាល័យ ជួសជុលបន្ទប់រៀន រៀបចំហេដ្ឋារចនាសម្ព័ន្ធ បំពាក់សង្ហារឹម និងការថែទាំនានាក្នុងសាលា។
លោក ឃួង ស្រេង បានឲ្យដឹងថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងស្ថានទូតជប៉ុន តាមរយៈទីភ្នាក់ងារ Jica ប្រចាំកម្ពុជា បានផ្តល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលមានជំនួយឥតសំណង និងកម្ចីឥនទានជាច្រើន ក្នុងនោះសម្រាប់រាជធានីភ្នំពេញ ចាប់ពីឆ្នាំ១៩៩៨មក ជប៉ុនបានរួមចំណែកក្នុងការអភិវឌ្ឍន៍ លើគម្រោងធំៗជាច្រើន។
ជាក់ស្តែង អគារសិក្សា០៨ខ្នង នៅអនុវិទ្យាល័យ និងវិទ្យាល័យចំនួន៨ ដែលជាជំនួយឥតសំណង ក្នុងគ្រោងពង្រីកសាលាមធ្យមសិក្សានៅរាជធានីភ្នំពេញ ដេឡជាសក្ខីភាពបញ្ជាក់ពីការរឹត ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋបាលភិបាលកម្ពុជា ក្នុងការអនុវត្តនយោបាយ កំណែទម្រង់ ស៊ីជម្រៅលើវិស័យអប់រំ តាមរយៈការធ្វើឱ្យប្រសើរឡើង នូវគុណភាពអប់រំ ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្ស ឱ្យមានគុណភាព សុជីវធម៌ និងគុណធម៌ សំដៅឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រោះការផ្តល់សេវាអប់រំ ប្រកបដោយវិជ្ជាជីវៈ និងគណនេយ្យភាពជាមូលដ្ឋាន គឺជាបុព្វហេតុសម្រាប់កសាងសង្គមមួយប្រកបដោយ និរន្តរភាព ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ទ្វេភាគី សហគមន៍អាស៊ាន និងពិភពលោកផងដែរ៕