(បាត់ដំបង)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកថ្មគោល និងលោក ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បាននាំអំណោយមនុស្សធម៌របស់អង្គការការីតាសកម្ពុជា ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣៧២គ្រួសារ ដោយសារខ្យល់កន្ត្រាក់ នៅស្រុកថ្មគោល នៅ៣ទីតាំង ក្នុងខេត្តបាត់ដំបង។
ពិធីនេះបានធ្វើឡើងដោយមានការចូលរួមពីក្រុមការងារ និងប្រតិភូអមដំណើរនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងសាលាឆាន់វត្តនិគម ឃុំជ្រោយស្តៅ និងក្នុងវត្តរូងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
នៅក្នុងឱកាសនេះដែរលោក នឹម ថូត ក៏បានសម្តែងការចូលរួមសោកស្តាយដែលគ្រោះធម្មជាតិបង្កជាខ្យល់កន្រ្តាក់ បណ្តាលឱ្យប្រជាពលរដ្ឋយើងទទួលរងការខូចខាតផ្ទះសំបែងនៅតាមភូមិ-ឃុំ មួយចំនួនក្នុងស្រុកថ្មគោលកន្លងថ្មីៗនេះ។
លោកប្រធានក្រុមការងារបានបន្តថា ទន្ទឹមនឹងប្រជាពលរដ្ឋបានជួបប្រទះនូវការលំបាកនេះ ថ្នាក់ដឹកនាំកំពូលក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសពេលកំពុងជួបការលំបាក គឺថ្នាក់ដឹកនាំយើងបានចុះមកសួរសុខទុក្ខ ដោយនាំអំណោយយកមកចែកជូនបងប្អូន ដោយមានស្ថាប័នផ្សេងៗ គ្នាចូលរួមចែកទាំងអស់គ្នា ដោយឡែកថ្ងៃនេះអង្គការការីតាសកម្ពុជា បានចូលរួមផ្តល់អំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋទាំង៣៧២គ្រួសារ មាន២ទីតាំង ទីតាំងទី១ នៅក្នុងវត្តនិគម ឃុំជ្រោយស្តៅ ទីតាំងទី២ នៅក្នុងបរិវេណវត្តរូងឃុំជ្រៃស្រុកថ្មគោលដោយក្នុង១គ្រួសារទទួលបាន តង់១ មុងសុវត្តិភាព១។
លោក ច័ន្ទ សុផល បានថ្លែងទៅកាន់ប្រជាពលរដ្ឋទាំងអស់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តខេត្តបាត់ដំបង និងក្នុងនាមលោក ជាតំណាងរាស្រ្តត្រូវដឹងសុខទុក្ខ ជីវភាពរស់នៅប្រជាពលរដ្ឋជាពិសេសពេលកំពុងជួបការលំបាក គឺថ្នាក់ដឹកនាំយើងទាំងអស់តែងបានចុះសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋទៅតាមការជាក់ស្តែង និងទាន់ពេលវេលាផង។
អ្នកតំណាងរាស្រ្ត បានសុំឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ផងដែរ ចំពោះការចែក និងអ្នកទទួលអំណោយមានការខុសគ្នាបន្តិចបន្តួច ដោយសារតែម្ចាស់អំណោយមានច្រើនស្ថាប័ន និងសប្បុរស់ផ្សេងគ្នា។ ដូច្នេះធ្វើឱ្យមានការលើសខ្វះខុសគ្នាខ្លះតិចតួច ទើបសូមឱ្យបងប្អូនមេត្តា មានការយោគយល់ដល់ក្រុមការងារយើងខ្ញុំផង។
នាឱកាសនោះដែរ ក្រុមការងារបានឆ្លៀតចែកអំណោយចែកដល់ជនចាស់ជរា ជនក្រីក្របំផុតចំនួន៦៥គ្រួសារ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយ ស្តៅ ដែលជាអំណោយដែលត្រូវចែកជូននោះក្នុងម្នាក់ៗ ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កែស សារ៉ុង១ ក្រម៉ា១ និងថវិកា២ម៉ឺនរៀល អំណោយទាំងនេះជារបស់សប្បុរសជនរបស់លោក សោម សឿត និងភរិយា អនិកជនខ្មែរមកពី សហរដ្ឋអារិក។
បន្ទាប់មក ក្រុមការងារបន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៩៨គ្រួសារទៀត ជាទីតាំងទី៣ នៅបរិវេណវត្តរូង ក្នុងឃុំជ្រៃ ស្រុកថ្មគោល ដោយ១គ្រួសារ បានទទួលដូចគ្នា គឺតង់១ មុងសុវត្តិភាព១ផងដែរ៕