(ត្បូងឃ្មុំ)៖ និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នឹងទទួលបានអត្ថប្រយោជន៍ច្រើន បន្ទាប់ពីសាកលវិទ្យាល័យនេះចុះអនុសារណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ YEUNGNAM របស់ប្រទេសកូរ៉េខាងត្បូង។
បើតាមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ លោក ពិន វណ្ណារ៉ូ បានឲ្យដឹងថា ការចុះ MoU នេះមានផលប្រយោជន៍ច្រើនសម្រាប់និស្សិត និងសាស្ត្រាចារ្យក្នុងការដោះដូរ បទពិសោធន៍គ្នា ទៅវិញទៅមក ពិសេសនិស្សិតសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ កាន់តែមានឱកាសដើម្បីបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូងតែម្តង។ លោក ពិន វណ្ណារ៉ូ បានថ្លែងបែបនេះ នៅក្នុងពិធីចុះ MoU រវាងសាកលវិទ្យាល័យទាំងពីរ ដែលត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ។
ជាមួយគ្នានេះ លោក Choi oe-chool តំណាងសាកលវិទ្យាល័យ YEUNGNAM បានលើកឡើងថា សាកលវិទ្យាល័យ YEUNGNAM របស់កូរ៉េខាងត្បូង ត្រូវបានបង្កើតឡើងកាលពី៧០ឆ្នាំមុន ដោយប្រធានាធិបតីកូរ៉េកាលពីសម័យនោះ។ លោកថា គិតមកដល់ពេលនេះសាកលវិទ្យាល័យ បានបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងច្រើន ហើយក៏មាននិស្សិតមកពីបណ្តានានា លើសកលលោក បន្តការសិក្សាយ៉ាងច្រើនផងដែរ។
លោកបន្ថែមថា មន្រ្តីរាជការ និងនិស្សិតរបស់កម្ពុជា ក៏ត្រូវបានសាកលវិទ្យាល័យផ្តល់អាហាររូបករណ៍ បន្តការសិក្សាជាបន្តបន្ទាប់ដើម្បីទទួលយកចំណេះដឹង មកអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។ សម្រាប់ការចុះ MoU នេះ សាកលវិទ្យាល័យ YEUNGNAM នឹងផ្តល់អាហាររូបករណ៍ដល់និស្សិតសាកល វិទ្យាល័យហេងសំរិនត្បូងឃ្មុំ ទៅបន្តការសិក្សានៅប្រទេសកូរ៉េផងដែរ។
លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកូរ៉េពិតជាមិនអាចបំភ្លេចបានទេ ចំពោះគុណចំណាចរបស់ប្រជាជនកម្ពុជា ដែលបានជួយប្រជាជនកូរ៉េកាលពីពេលកន្លងមក នៅគ្រាដែលប្រទេសកូរ៉េមានសង្គ្រាម ហើយជួបវិបត្តិក្រីក្របំផុតក្នុងប្រវត្តិសាស្ត្រ៕