(ក្រចេះ)៖ មន្រ្តីកាំកុងត្រូលខេត្តក្រចេះដឹកនាំដោយ លោក យាង បាក អនុប្រធានសាខា សហការជាមួយអាជ្ញាធរ និងមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យមុខទំញម្ហូបអាហារ បន្លែ ភេសជ្ជៈ ដែលដាក់តាំងលក់នៅតាមផ្ទះល្វែងធំៗ ស្ថិតនៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ និងផ្សារឆ្លូង ស្ថិតនៅស្រុកឆ្លូង ដោយរកឃើញទំញខូចគុណភាពមួយចំនួន និងហួសកាលបរិច្ឆេទ ដកហូតយកទៅបំផ្លាញចោល។
លោក យាង បាក់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យដោយមន្រ្តីរបស់លោក ពិនិត្យទៅលើមុខទំនិញជាច្រើនប្រភេទ ក្នុងនោះក្នុងសង្កាត់រការកណ្ដាល ក្រុមការងារបានពិនិត្យរកឃើញទឹក អូរអីឈិកចំនួន៦ដប ហួលកាលបរិច្ឆេទត្រូវបានរឹបអូសយកទៅបំផ្លាញចោល និងនៅផ្សារឆ្លូង ស្ថិតក្នុងស្រុកឆ្លូង ត្រួតពិនិត្យចំនួន៨តូប បានរកឃើញម្សៅសុបមាន់ចំនួន១កញ្ចប់ ខូចគុណភាព។ ក្នុងនោះដែរក្រុមការងារ បានធ្វើពិសោធន៍ទៅលើជ្រួកត្រសក់ សសៃមី ស្ករត្នោត តែរកមិនឃើញសាធាតុគីមី ដែលហាមឃាតដែលមានឈ្មោះសូដ្យូមអ៊ីដ្រូស៊ីលសូហ្វីតនោះទេ។
លោកអនុប្រធានរូបនោះ បានបន្ដទៀតថា ការធ្វើតេស្តដោយរកមិនឃើញមុខទំនិញ ដែលហួសការបរិច្ឆេទ និងមុខទំនិញ បន្លែ ម្ហូបអាហារ ដែលគ្មានសាធាតុគីមី ដោយសារនៅស្រុកឆ្លូងនេះ ត្រូវបានមន្រ្តីជំនាញបានចុះពិនិត្យជាញឹកញាប់ ហើយប្រជាពលរដ្ឋក៏ដូចអាជីវករមានការយល់ដឹងច្រើន ដូច្នេះពួកគាត់មិនយកទំនិញដែលខូចគុណភាព និងហួសការបរិច្ឆេទយកមកតាំងលក់ទេ។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមន្ត្រីកាំកុងត្រូល ក៏មានការចែកជូនផ្លាកសញ្ញាមុខទំទិញដែលហាមឃាត់ ហួសកាលបរិច្ឆេទ ដូចជាំកំប៉ុងកំពិត កំប៉ុងច្រេះ និងផ្សព្វផ្សាយជួនដល់មហាជន ដើម្បីជ្រាប់ងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណា ដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសជាងបរិភោគអាហារដែលមានសារធាតុគីមីពុល នាំឲ្យខាតបង់សុខភាព លុយកាក់ក្នុងគ្រួសារ។
លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានថ្លែងអំណរគុណដល់មន្រ្តីកាំកុងត្រួល ដែលយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ តែងតែចុះត្រួតពិនិត្យជាប្រចាំ ហើយលោកសំណូមពរដល់អាជីវករទាំងអស់ ត្រូវមើលមុខទំនិញឲ្យបានច្បាស់លាស់មុនយកមកដាក់តាំងលក់។
លោកបានរម្លឹកថា ធ្វើជាអ្នករកស៉ីត្រូវមានសុច្ចរិតភាព កុំគិតតែផលចំណេញពេក ដោយលួចលក់ផលលិតិផលខូចគុណភាព នាំឲ្យខាតខ្លួនឯងផង ខុសច្បាប់ផង និងប៉ះពាល់ដល់សុខភាពអ្នកបរិភោគទូទៅផងដែរ៕