(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំណេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្រុមឧក្រិដ្ឋជាជនជាតិចិនចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីបង្ខំស្ត្រីរងគ្រោះជាជនជាតិចិន ដូចគ្នារួមភេទ និងចាប់បង្ខាំងទុក ដើម្បីជំរិតទារប្រាក់ រីឯជនសង្ស័យ២នាក់ ដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមច្បាប់ ដើម្បីយកផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យទាំង ៣នាក់ខាងលើ រួមមានទី១៖ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2952223, ទី២៖ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2962687 និងទី៣៖ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE 9458762 ដាក់ពន្ធនាគារព្រៃស ដើម្បីរងចាំជំនុំជម្រះតាមនីតិវិធី។ ដោយឡែកនារីរងគ្រោះទាំង៣នាក់រួមមានទី១៖ ឈ្មោៈ Xiang kai pi អាយ២៣ឆ្នាំ, ទី២៖ ឈ្មោះ Chen Si hong អាយុ២៥ឆ្នាំ និងទី៣៖ ឈ្មោះ Huang Shuang Giong អាយុ២៧ឆ្នាំ។

សូមរំលឹកថា កាលព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២ ០១៩ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនឧក្រិដ្ឋជាជនជាតិចិន៣នាក់ ក្នុងចំណោមបក្សពួក៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណី ចាប់នារីខារ៉ាអូខេជាជនជាតិចិនដូចគ្នា៥នាក់ យកទៅរំលោភសេពសន្ថវៈ និងបង្ខាំងទុកដើម្បីជំរិតទារប្រាក់។

នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យបានចាប់ជនរងគ្រោះទៅលាក់ទុកនៅទីនោះ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពត។

ក្រោយចាប់ខ្លួន ឧក្រិដ្ឋជន៣នាក់ សមត្ថកិច្ចបានធ្វើការនាំខ្លួនពួកគេ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្នុងនោះក៏មានរថយន្ត ១គ្រឿងម៉ាស្តារិច ជាមធ្យោបាយធ្វើសកម្មភាព។

កាលពីយប់ថ្ងៃទី២០ ខែមេសា មានបុរសជាជនជាតិចិន១ក្រុម មានគ្នា៥នាក់ បានចាប់នារីជនជាតិចិន៥ ចេញពីហាងបាយ ថាងទីង ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យបានប្រាប់ពួកនាងថា នាំទៅច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ។ បន្ទាប់ពីនារីទាំង៥នាក់ ឡើងជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានផ្លាកលេខរួចហើយ ជនសង្ស័យបានដឹកពួកនាង ចេញពីភ្នំពេញ ឡើងភ្នំមួយដែលពួកគេមិនអត់ស្គាល់ រួចបានធ្វើសកម្មភាពគំរាមកំហែង ដកយកប្រាក់ពួកនាងអស់ពីខ្លួន សរុបជាង៤,០០០ ដុល្លារអាមេរិក។

បន្ទាប់ពីចាប់ខ្លួននារីរងគ្រោះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈលើនារីរងគគ្រោះ នៅក្នុងរថយន្តក្បែរស្រះទឹក មួយកន្លែង។ ចំណែកឈ្មោះ Huang Shuang Giong មិនត្រូវរំលោភទេ នៅពេលជនល្មើសដឹកពួកនាងដល់ក្រុងកំពត វេលាម៉ោងប្រមាណ៥ភ្លឺ ជនសង្ស័យទាញជនរងគ្រោះ៣នាក់ ទម្លាក់ចុះចំណែកនារី២នាក់ទៀត ត្រូវក្រុមជនសង្ស័យនាំទៅជាមួយ រហូតមកដល់រសៀសថ្ងៃទី២១ ខែមេសា។ លុះដល់ថ្ងៃទី២២មេសា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ខ្លួនពួកឧក្រិដ្ឋជនបាន៣នាក់ និងរំដោះជនរងគ្រោះទាំង២នាក់ រីឯឧក្រិដ្ឋជន២នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកពុងបន្តស្វែងចាប់ខ្លូន ដើម្បីយកផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា៕