(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩នេះ អង្គការសមាគមការពារអភិរក្សសត្វព្រៃ (WCS) បានសហការជាមួយស្ថាប័នរដ្ឋបាលជលផល បានធ្វើពិធីលែងសត្វអណ្ដើកហ្លួង ឬអណ្តើកសរសៃដ៏កម្រចំនួន ២០ក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងព្រែកធម្មជាតិវិញ។ ពិធីលែងសត្វអណ្ដើកហ្លួង ឬអណ្តើកសរសៃនេះ រៀបចំនៅភូមិត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
មន្ត្រីទំនាក់ទំនងសាធារណៈ នៃអង្គការ (WCS) លោក លាក់ រតនា បានឲ្យដឹងថា អណ្ដើកហ្លួងទាំង ២០ក្បាល ដែលបាននាំយកទៅលែងនៅពេលនេះ គឺបានមកពីការភ្ញាស់ពងចេញពីមជ្ឈមណ្ឌលចិញ្ចឹមអណ្ដើកហ្លួងនៅក្នុងខេត្តកោះកុង។
ទាក់ទងបញ្ហានេះ លោក សោម ស៊ីថា នាយកគ្រប់គ្រងអង្គការ (WCS) បានឲ្យដឹងថា រហូតមកដល់ពេលនេះ អង្គការនេះបានលែងកូនអណ្ដើកហ្លួងចូលទៅក្នុងព្រែកធម្មជាតិ បានចំនួន៣លើកបូករួមទាំងលើកនេះ។ លែងលើកទី១ កាលពីឆ្នាំ២០១៥ មានចំនួន ២១ក្បាល, លើកទី២ កាលពីឆ្នាំ២០១៧ ចំនួន២៥ក្បាល និងលើកទី៣នេះ មានចំនួន ២០ក្បាល។
លោក សោម ស៊ីថា ឲ្យដឹងដូច្នេះ រួចបន្តថា កន្លងមកនេះអង្គការនេះ បានដាក់ភ្នាក់ងារតាមដានរកមើលសំបុកពងរបស់សត្វអណ្តើកហ្លួងខាងលើនេះ នៅតាមព្រែកធម្មជាតិ ដែលវារស់នៅ និងបានរកឃើញសំបុកពងរបស់វា ហើយបាននាំយកពងនោះទៅភ្ញាស់ ឬរក្សាទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សរង់ចាំឲ្យញាស់ធំធាត់ទើបនាំយកមកលែងជាក្រោយ។
លោកបន្តថា រាល់ថ្ងៃនេះ អង្គការ WCS បានឲ្យមន្ត្រីប្រចាំការតាមថែរក្សាទីកន្លែងដែលសត្វអណ្តើកហ្លួងខាងលើពង ដើម្បីកុំឲ្យជនខិលខូចលួចយកពង របស់វាស្ងោស៊ីជាដើម..។
លោកបន្តថា កន្លងមកនេះ អង្គការនេះ បានភ្ញាស់វាមានអាយុ ១២ឆ្នាំ នៅក្នុងមណ្ឌល់ ទើបអាចនាំយកទៅលែង ឲ្យរស់នៅតាមធម្មជាតិវិញ។ ហើយថា សត្វអណ្តើកហ្លួងនេះ មានអាយុ ៣០ឆ្នាំ ទើបគ្រប់អាយុ ឬពេញវ័យអាចបន្តពូជបាន។
កម្មវិធីលែងអណ្តើកហ្លួងខាងលើនេះ គឺមានការចូលរួមពី លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, លោក សុខ សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
កម្មវិធីលែងសត្វអណ្ដើកហ្លួងនេះ រៀបចំនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅភូមិបឹងត្រាវ ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ៕